តាកែវ៖ មន្រ្តីឧទ្យានុរក្ស ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានចុះល្បាត ប្រទះឃើញហ្វូងសត្វត្រយងខ្លួនរលោង ៥៣ក្បាល ដែលទាមទារឲ្យអ្នកពាក់ព័ន្ធ ចូលរួមការពារប្រភេទសត្វស្លាបកម្រកម្ពុជាប្រភេទនេះឲ្យនៅគង់វង្ស ។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា បានឲ្យដឹងថា ហ្វូងសត្វត្រយងខ្លួនរលោងចំនួន៥៣ក្បាល ក្នុងនោះជំទង់១២ក្បាល ត្រូវបានមន្រ្តីឧទ្យានុរក្សសហការជាមួយមន្រ្តីជីវចម្រុះ បានចុះល្បាត ប្រទះឃើញវត្តមាន របស់ពួកសត្វនេះ ចុះស្វែងរកចំណី ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។

លោកបានបន្តថា វត្តមានសត្វត្រយងខ្លួនរលោងនេះ វាបង្ហាញពីសក្តានុពល ដែលមានរស់នៅក្នុងប្រទេសកម្ពុជា ហើយ វាបានទៅរកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយសារតំបន់នោះមានសក្តានុពលជាច្រើនសម្រាប់ ពពួកសត្វស្លាប មិនថាសត្វត្រយង ឬ សត្វក្រៀលប៉ុណ្ណោះទេ តែវាមានអត្ថប្រយោជន៍សម្រាប់ពពួកធនធានធម្មជាតិជាច្រើន ។

មួយវិញទៀតលោកបានបន្ថែមថា សត្វត្រយងខ្លួនរលោងនេះ គឺជាសត្វមួយប្រភេទដែលមានសម្បុរខ្មៅរលោង និងមានមាឌតូចជាងសត្វត្រយងយក្សនិងត្រយ៉ងចង្កំកស ដែលពួកវាជាប្រភេទស្ថិតនៅក្នុងអម្បូរសត្វត្រយ៉ងតែមួយ ។

« តាមត្រយងនេះគឺជាប្រភេទដែលនៅសម្បូរនៅឡើយទេ ប៉ុន្តែគ្រាន់តែថាយើងកត់ត្រារាល់ឆ្នាំ កត់ត្រាបានរាល់ឆ្នាំនៅសត្វប្រភេទនេះ អ្វីដែលបញ្ជាក់បានវត្តមាននៅតែបន្តព្រោះទីតាំងនេះគឺជាទីតាំងសំខាន់ក្នុងការគាំទ្រដល់សត្វស្លាបទឹក ដែលជិតផុតពូជក្នុងការរកចំណី នេះបានបង្ហាញថាទីតាំងនេះជាទីតាំងដ៏សំខាន់ អ៊ីចឹងការអភិរក្សទីតាំងនេះមួយមិនមែនបានផលប្រយោជន៍តែសត្វចាបព្រៃវែង ឬសត្វក្រៀលទេ វាជួយការពារសត្វទាំងនេះឲ្យមានតទៅមុខទៀត » ។

លោកបានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ គឺស្ថិតនៅភូមិសាស្ត្រខេត្តតាកែវ ក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ។ តំបន់នេះ មានលក្ខណ:ពិសេសដែលមិនងាយរកបាន ដែលអាចទាក់ទាញសត្វទាំងនេះ មកសំចតរកចំណី នៅក្នុងបណ្តាញផ្លូវហោះហើររបស់ពួកវា ។ លោកក៏បាន អំពាវនាវដល់ប្រជាជន ត្រូវចូលរួមថែរក្សាការពារកុំឲ្យមានការទន្ទ្រានយកដីនៅតំបន់នោះ ដែលនាំឲ្យបាត់បង់ប្រភេទសត្វកម្រដែលជិតផុតពូជទាំងអស់នេះ ៕

ប្រភព៖ក្រសួងព័ត៌មាន