ក្រសួងផែនការបានចាប់ផ្តើមឲ្យអាជ្ញាធរមូលដ្ឋានវាយតម្លៃចំពោះគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និង ជួបបញ្ហាប្រឈម ដើម្បីទទួលបានជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីដោះស្រាយជីវភាពរបស់គ្រួសារពួកគាត់។
ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានមានប្រសាសន៍ថា គ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប រស់នៅក្នុងភូមិសាស្ត្រនៃតំបន់ដែលត្រូវអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈ ទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលនិងខេត្តព្រះសីហនុ គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែល មាន អ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាពនឹងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ទៅតាមទំហំគ្រួសារ ដែលត្រូវបានកំណត់ អត្តសញ្ញាណច្បាស់លាស់និងត្រឹមត្រូវ ដែលទទួលបានការវាយតម្លៃពីអាជ្ញាធរមូលដ្ឋានដែលពួកគាត់កំពុងរស់នៅក្នុងតំបន់នោះផងដែរ។
ឯកឧត្តមបញ្ជាក់ថា សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដែលមិនត្រូវបានរាប់បញ្ជូលក្នុងជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេល បិទខ្ទប់ ដូចជាគ្រួសារដែលមានប័ណ្ណក្រីក្រ១ និងក្រីក្រ២ ដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ជារៀងរាល់ខែ ពីរាជរដ្ឋាភិបាលកន្លងមក រួចហើយ សម្រាប់កម្មករកម្មការិនីដែលបានចុះបញ្ជីនៅក្នុងប័ណ្ណ ប.ស .ស ដែលទទួលបានពីការឧបត្ថម្ភពីរោងចក្ររួចហើយ ក្នុងចំណោម គ្រួសារទាំងអស់នេះ មិនរាប់បញ្ជូលនូវរបបជំនួយឧបត្ថម្ភថែមទៀតទេ។
«ក្រសួងផែនការកំពុងតែរៀបចំនីតិវិធី ដែលកំណត់គ្រួសារទាំងអស់នោះ ឥឡូវនេះនីតិវិធីគ្រួសារទាំងអស់នោះ ដែលទទួលបាន ការងារនេះទោះបីជាលក្ខណៈ បច្ចេកទេសដឹកនាំ ដោយក្រសួងផែនការក៏ដោយ ប៉ុន្តែការអនុវត្តន៍ជាក់ស្តែង គឺអាស្រ័យទៅលើ អាជ្ញាធរ ឃុំ សង្កាត់ ភូមិ ដែលប្រជាពលរដ្ឋរស់នៅ ។ ជាដំបូងតាមការណែនាំ របស់ក្រសួងផែនការ ក៏ដូចជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺអាជ្ញាធរនៅថ្នាក់ក្រោមនៅក្នុងតំបន់បិទខ្ទប់នេះ គឺចាប់ផ្តើមពីភូមិ គឺត្រូវធ្វើការកំណត់ ពីគ្រួសារនៅក្នុងមូលដ្ឋានរបស់គាត់ និងមានប៉ុន្មាន គ្រួសារ និងស្ថានភាពគ្រួសារយ៉ាងដូចម្តេច ដើម្បីរៀបចំបញ្ជីរួមមួយសុំការសម្រេចពីក្រុមបឹក្សាឃុំសង្កាត់ សម្រេចថា នៅក្នុងឃុំ-សង្កាត់នោះ គឺមានគ្រួសារ ដែលយើងត្រូវអនុម័តសម្ភាសន៍ ប៉ុន្មានគ្រួសារ ពេលនោះគឺចាប់ផ្តើមធ្វើការសម្ភាសន៍។ ពេលវេលាអនុម័តដែលគ្រួសារត្រូវទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជានេះ ក្រសួងផែនការត្រូវសម្រេច ឲ្យបានក្នុងរយៈពេល ២សប្តាហ៍ ។ ២សប្តាហ៍ក្រោយនឹងរៀបចំឲ្យបានគ្រប់ដើម្បីបញ្ជូនទៅក្រសួងសង្គមកិច្ចរៀបចំសាច់ប្រាក់ជូន » ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចផ្តល់ជូននូវការឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាពនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈឆ្នាំ២០២១ សម្រាប់គ្រួសារដែលមាន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ផ្តល់ជូនការឧបត្ថម្ភជាសាច់ប្រាក់ចំនួន៣០ម៉ឺនរៀលនិងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ជួយបង់ថ្លៃអគ្គិសនីនិងទឹកស្អាតសម្រាប់រយ:ពេល៥ខែស្របតាមមូលដ្ឋានដែលត្រូវបានកំណត់ ។សម្រាប់គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាពដែលស្ថិតនៅក្រៅតំបន់បិទខ្ទប់ ក៏ទទួលបានកញ្ចប់សាច់ប្រាក់ ឧបត្ថម្ភទៅតាមទំហំសមាជិកគ្រួសារ។ កម្មករនិយោជិតឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រសហគ្រាសនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប នឹងទទួលបានការឧបត្ថម្ភកញ្ចប់សាច់ប្រាក់ចំនួន ១៦ម៉ឺនរៀលក្នុងម្នាក់ ដែលនឹងត្រូវបើកផ្តល់ដោយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងអនុវត្តនៅខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធធនាគារវីង ដោយភ្នាក់ងារវីងនឹងយកលុយនោះជូនដល់ផ្ទះតែម្តង សម្រាប់គ្រួសារមានកម្រិតជីវភាពទាបក្នុងតំបន់ក្រហម៕
ប្រភព៖ សៅនៅ