(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការ បន្តរកឃើញករណីវិជ្ជមានអ្នកឆ្លងវីរុស កូវីដ-១៩ ចំនួន ៥០នាក់ ភាគច្រើនជាកម្មករ-កម្មការិនីបម្រើការក្នុងរោងចក្រ។
គួរបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេលពេល ១៤ ថ្ងៃ។
បន្ថែមលើនោះ អ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ ដងក្នុងមួយថ្ងៃត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧ អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាកថប់ដង្ហើម …។ ល។ រដ្ឋបាលខេត្តតាកែវ បានទទូចឲ្យប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត៕
ប្រភព៖ក្រសួងព័ត៌មាន