ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ១៣នាក់ជាបន្តបន្ទាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង ក្រោយពីបក្ខពួកចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅក្នុងភូមិសាស្ត្រអូរបែកក្អម រួចនាំគ្នាររត់គេចខ្លួន។ ករណីឆក់នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមកាំមេរ៉ាសុវត្ថិភាពភ្លាមៗ និងកំណត់មុខសញ្ញាបានផងដែរ ។
សមត្ថកិច្ចខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ ព្រឹក ថ្ងៃដដែលនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ក្រោយពីបានធ្វើការសួរនាំជនសង្ស័យសមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកដែលនៅសង្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់ (យីហោតារា ពេជ្រ ម៉ូឌែន បានចំនួន ២នាក់ទៀតចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ លុះដល់វេលាយប់ថ្ងៃដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០ នាក់បន្ថែមទៀត ក្នុងនោះមានស្រី២នាក់ បន្ទាប់ពីក្រុមបក្ខពួកធ្វើសកម្មភាពឆក់នៅចំណុចផ្ទះសំណាក់ដដែល ។ ខណៈដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធស្រាប់តែជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងរហូតដល់ក្នុងមន្ទីរពេទ្យជប៉ុន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញទើបចាប់បាន រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភាមៗ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣ នាក់សមត្ថកិច្ចកំពុងធ្វើការសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕