យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រោងចក្រផលិតម៉ាសនៅក្នុងប្រទេសចិននៃទីក្រុងប៉េកាំង កំពុងតែសម្រុក ផលិតម៉ាសទាំងយប់ទាំងថ្ងៃយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់ ទីផ្សារ ដែលកំពុងមានតម្រូវការយ៉ាងគំហុស បន្ទាប់ពីមានការផ្ទុះជំងឺឆ្លងដ៏គួរឱ្យបារម្ភ។ 

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនផលិត ម៉ាសនីមួយៗ បានធ្វើការលុបចោល ថ្ងៃឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំចិន។ ហើយសម្រាប់បុគ្គលិក ដែលមកធ្វើការ នៅថ្ងៃឈប់សម្រាក ក្រុមហ៊ុនផលិតម៉ាសទាំងនេះនឹង​ដំឡើងប្រាក់ខែ ឲ្យបុគ្គលិក បួនដងលើសពីថ្ងៃធម្មតា​ ពីព្រោះដោយសារតែ ម៉ាសនៅក្នុងស្រុក ទាំងអស់នេះកំពុង តែដាច់ស្តុកយ៉ាងរហ័សនៅក្នុងពេលបច្ចុប្បន្ន នដោយសារតែជំងឺ Coronavirus នៅតែបន្តរីករាលដាលបានយ៉ាងឆាប់រហ័សទូទាំងពិភពលោក។ ការសម្រេចចិត្តផលិតម៉ាសទាំងយប់ទាំងថ្ងៃបែបនេះ បានធ្វើឲ្យអង្គការ សុខភាពពិភព លោកកោតសរសើរយ៉ាងខ្លាំងដោយសារតែវាជាការសម្រេចចិត្តដ៏រឹងមាំដែលអាចផ្គត់ផ្គង់ទីផ្សារដែលកំពុងតែខ្វះខាតហើយក៏អាចកាត់បន្ថយការកើនឡើងនៃភាពភ័យខ្លាចអំពីវីរុសមួយនេះផងដែរ។

អគ្គនាយកក្រុមហ៊ុនផលិតម៉ាសដែលមានឈ្មោះថា Lanhine បានឲ្យដឹងថា អតិថិជន របស់គាត់សព្វថ្ងៃកំពុងទាមទារឲ្យគាត់ផលិតម៉ាសឲ្យបានចំនួន ២០០លាន ម៉ាសក្នុង មួយថ្ងៃ ប៉ុន្តែបើប្រៀបធៀប ទៅការផលិតទូទៅ ក្នុងមួយថ្ងៃ គឺបានត្រឹមតែចំនួន ៤សែនម៉ាសតែប៉ុណ្ណោះ។

ទន្ទឹ​មនឹងនេះផងដែរ ក្រុមហ៊ុនអាមេរិក​ 3M ​និងក្រុមហ៊ុន Honeywell ក៏បានចេញ សេចក្ដីថ្លែងការផងដែរថាពួកគេនឹងខំប្រឹងប្រែងផ្គត់ផ្គង់ម៉ាសឲ្យបានច្រើនជាងនេះបន្ថែមទៀត​ នៅក្នុងអំឡុងពេលដែលមេរោគ Corona កំពុងតែរាលដាលកាន់តែខ្លាំង ហើយខ្លួនក៏បានប្ដេជ្ញាចិត្តផងដែរថាក្រុមហ៊ុនរបស់ខ្លួននឹងមិនធ្វើការដំឡើងថ្លៃម៉ាសទេ ដោយខំប្រឹងធ្វើយ៉ាងណាត្រូវតែរក្សាតម្លៃមួយនេះឲ្យនៅថេរដដែល ៕