ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង៥នាក់ នៅក្រុងប៉ោយប៉ែត ដែលយកកាំបិត និងពូថៅ កាប់ជនរងគ្រោះបណ្តោយឲ្យដាច់(ក)ដៃ និងរបួសជាច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរ ព្រោះសងសឹងគំនុំចាស់ និងខឹងរឿងដណ្តើមសង្សារត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុថហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ រួមមាន៖ ១.ឈ្មោះ ស៊ុន រ៉ាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ហៃ ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះផាត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ឆ្នាំ, ៥.ឈ្មោះ ថន អារុណប្រាថ្នា (ហៅពេជ្រ) ភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំបិតកែឆ្នៃដងដែកប្រវែង១៨៥សង់ទីម៉ែត្រចំនួន០១ដើម, កាំបិតប៉ាំងតោ ពណ៌ស ដងដែក០១ដើម, ពូថៅ ដងឈើ០១ដើម និងម៉ូតូចំនួន០២គ្រឿង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងបន្ថែមថា ជនសង្ស័យទាំង០៥នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា ពួកគេមានគំនុំជាមួយឈ្មោះឌឿន រ៉ានុត (ជនរងគ្រោះ) ដោយសារតែឈ្មោះឌឿន រ៉ានុត ធ្លាប់បានវាយ និងកាប់មកលើពួកគេ និងដណ្ដើមយកសង្សារបស់ឈ្មោះ ស៊ុន រ៉ាម៉ី ទៀតផង ហើយឈ្មោះ ឌឿន រ៉ានុត បានទូរស័ព្ទមកពួកគេដើម្បីណាត់កាប់គ្នាផងដែរ ពេលនោះពួកខ្លួនបានប្រមូលគ្នាបានចំនួន០៩នាក់ ហើយជិះម៉ូតូចំនួន០៣គ្រឿង ព្រមទាំងមានកាំបិត ពូថៅ គ្រប់ៗគ្នា ពេលជិះម៉ូតូទៅដល់ក្លិបហាត់ប្រាណស្ពតវើល នៅវេលាម៉ោង១៨.០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក៏បានជួបជាមួយក្រុមជនរងគ្រោះ ហើយក្រុមជនរងគ្រោះបានគប់ដុំថ្មមកលើក្រុមរបស់ខ្លួនមុន ទើបក្រុមរបស់ខ្លួនស្ទុះចុះពីលើម៉ូតូដេញកាប់ ហើយក្រោយពីធ្វើសកម្មភាពរួចពួកគេបាននាំគ្នារត់គេចរៀងៗខ្លួន រហូតដល់សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យទាំ០៥នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ៕