ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ03នាក់ ជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ នៅក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី នៅថ្ងៃទី15 ខែឧសភា ឆ្នាំ 2021។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីជួញដូរគ្រឿងញៀន នៅវេលាម៉ោង១៦ និង៥០ ថ្ងៃទី13 ខែឧសភា ឆ្នាំ 2021 កំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលបន្ទុក បានដឹកនាំកំលាំងចុះដល់ចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ 1.ឈ្មោះ ម៉ៅ រ៉ាមេឃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត។ 2.ឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ទិញលក់ម៉ូតូ) ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់/ក្រុងប៉ោយប៉ែត ជនសង្ស័យទាំងពីរដកហូត វត្ថុតាង ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន១(មួយ)ថង់ធំល្មម  និងកាំភ្លើងប៊ិច មានគ្រាប់ចំនួន២(ពីរ)គ្រាប់។

លោកអធិការស្តីទីបានបញ្ជាក់ថា តាមចម្លើយជនសង្ស័យខាងលើ នៅវេលាម៉ោង១៨ និង១០នាទី ថ្ងៃដដែលនោះ កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត នៅចំណុចភូមិព្រៃព្រិច សង្កាត់.ក្រុងប៉ោយប៉ែត។  ជនសង្ស័យមានឈ្មោះ រ៉ុម ចេក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំងបីនាក់ខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅជំនាញនៃស្នងការនគរបាលខេត្ត រួចជនសង្ស័យត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់។

ដើម្បីលើកទឹកចិត្តដល់កងម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ក្រុងប៉ោយប៉ែត លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភលើកទឹកចិត្ត ថវិកាចំនួន1,000,000រៀលផងដែរ៕(សៅនៅ)

ប្រភព៖ សៅ នៅ