ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យ ឃាត់មេខ្យល់ម្នាក់រៀបចំសំណុំរឿងបញ្ចូនទៅតុលាការ និងបញ្ជូនពលករប្រុស.ស្រី08នាក់ ទៅធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី16 ខែឧសភា ឆ្នាំ 2021 ខណៈដែលល្បាតឃើញពលករបំរ៉ុងឆ្លងដែនចូលទៅប្រទេសថៃទាំងខុសច្បាប់។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា នៅម៉ោង20និង00នាទី ថ្ងៃទី15 ខែឧសភា ឆ្នាំ2021 លោកបានដឹកនាំកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចុះល្បាតតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ការលួចចេញ-ចូលទៅប្រទេសថៃដោយខុសច្បាប់ ពេលល្បាតដល់ចំណុច ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញពលករចំនួន08នាក់ ស្រ្តី05នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា ក្រោយពីសួរនាំពលករទាំង08នាក់រួច ទើបកម្លាំងចម្រុះធ្វើប្រតិបត្តិការឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ វណ្ណ: វណ្ណន ភេទប្រុស អាយុ២៩ឆ្នាំ និងដកហូតរថយន្ត01គ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2A-5019 នៅចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងទៀតថា ចំពោះមេខ្យល់ខាងលើក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា រូបគេជាអ្នករត់តាក់ស៊ីហើយបានដឹកពលករចំនួន06នាក់ ពីខេត្តបាត់ដំបង មកស្រុកម៉ាឡៃពិតប្រាកដមែន តាមរយៈអ្នករត់តាក់ស៊ីម្នាក់ទៀតឱ្យខ្លួនដឹកដោយយកលុយពីពួកគាត់ក្នុងម្នាក់50,000រៀលផងដែរ កាលពីថ្ងៃទី14 ខែឧសភា ឆ្នាំ2021 ស្អែកឡើងនៅថ្ងៃទី15នេះ ស្រាប់តែមានសមត្ថកិច្ចចម្រុះមកឃាត់ខ្លួនគេតែម្ដង ។
មេខ្យល់រូបនេះត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី16 ខែឧសភា ឆ្នាំ2021 ចំណែកពលករទាំង08នាក់ ត្រូវបានកងកម្លាំងនាំយកទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យម៉ាឡៃ៕
ប្រភព៖ សៅ នៅ