ក្នុងអំឡុងពេលពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃសៅរ៍បានលាតត្រដាងអំពីជំហររបស់ប្រទេសចិនចំពោះជម្លោះរវាងប៉ាឡេស្ទីន – អ៊ីស្រាអែល នាពេលបច្ចុប្បន្ននេះ។
លោក វ៉ាង បាននិយាយមុនពេលធ្វើបទបង្ហាញអំពីទស្សនៈរបស់ប្រទេសចិន និងសំណើទៅលើបញ្ហានោះថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើនឡើងឥតឈប់ឈរ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ដែលកំពុងមានការបារម្ភយ៉ាងខ្លាំង។
ទីមួយ លោក វ៉ាង បាននិយាយថា ដើមហេតុនៃការកើនឡើងនៃស្ថានភាពនេះ គឺដោយសារការមិនមានដំណោះស្រាយណាមួយអស់រយៈពេលជាយូរមកហើយ ដែលអាចដោះស្រាយបញ្ហាប៉ាឡេស្ទីនបាន។
លោក វ៉ាង បាននិយាយថា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាបានឃ្លាតឆ្ងាយពីផ្លូវដើម ហើយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនត្រូវបានអនុវត្តដោយយកចិត្តទុកដាក់នោះទេ ជាពិសេសសិទ្ធិរបស់ប៉ាឡេស្ទីនក្នុងការកសាងរដ្ឋឯករាជ្យមួយត្រូវបានរំលោភបំពានជាបន្តបន្ទាប់ និងស្ថានភាពលំបាករបស់ប្រជាជនប៉ាឡេស្ទីនដែលនាំឱ្យកាន់តែអាក្រក់ឡើងៗនៃការប្រឈមមុខរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ព្រមទាំងការជម្លោះម្តងហើយម្តងទៀត។
ដូចដែលត្រូវបានបង្ហាញឱ្យឃើញ លោក វ៉ាង បានកត់សម្គាល់ថា បើគ្មានដំណោះស្រាយពិតប្រាកដនៃបញ្ហាប៉ាឡេស្ទីនទេនោះ ប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ដូចជាមជ្ឈឹមបូព៌ានឹងមិនអាចទទួលបានសន្តិភាពពិតប្រាកដនោះទេ។
ទីពីរ លោក វ៉ាង បាននិយាយថា អ្វីដែលកំពុងគាបសង្កត់ពេលនេះ គឺបទឈប់បាញ់គ្នា និងការបញ្ឈប់អំពើហឹង្សា ហើយក្រុមប្រឹក្សាសន្តិសុខត្រូវមានទំនួលខុសត្រូវក្នុងការស្វែងរកការដំណោះស្រាយទាំងនោះឱ្យបានឆាប់។
លោកបាននិយាយបន្ថែមថា ប្រទេសចិនក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភា បានជំរុញឱ្យក្រុមប្រឹក្សានេះធ្វើកិច្ចពិគ្រោះយោបល់ជាបន្ទាន់ចំនួនពីរ ស្តីពីជម្លោះរវាងប៉ាឡេស្ទីន – អ៊ីស្រាអែល និងបានធ្វើសេចក្តីព្រាងសេចក្តីប្រកាសព័ត៌មានក្នុងគោលបំណងដើម្បីដឹកនាំក្រុមប្រឹក្សានេះឱ្យអនុវត្តសកម្មភាពទាំងនោះ។
ទីបី លោក វ៉ាង បាននិយាយថា មធ្យោបាយចុងក្រោយមួយចេញពីបញ្ហាប៉ាឡេស្ទីន គឺស្ថិតនៅក្នុងការអនុវត្តដំណោះស្រាយរវាងរដ្ឋទាំងពីរ។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃការជជែកដេញដោលគ្នាដោយបើកចំហទៅលើបញ្ហាជម្លោះរវាងប៉ាឡេស្ទីន – អ៊ីស្រាអែល នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយរំពឹងថាគ្រប់ភាគីទាំងអស់នឹងបញ្ចេញសំឡេងរួមគ្នាលើបញ្ហានេះ។
លោក វ៉ាង បាននិយាយបន្ថែមថា ប្រទេសចិនមានយោបល់ថា ក្រុមប្រឹក្សាសន្តិសុខគួរតែបញ្ជាក់ឡើងវិញនូវដំណោះស្រាយរវាងរដ្ឋ និងជំរុញឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលបន្តកិច្ចចរចាសន្តិភាពដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរវាងប្រទេសទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព៖ ក្រសួងព័ត៌មាន