(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រគល់ស្បៀងមាន អង្ករ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកម្មប្រយុទ្ធប្រឆាំងទប់ស្កាត់ការីករាលដាលជម្ងឺ កូវីដ-19 ឈរជើងនៅតំបន់បិទខ្ទប់ និងឈរជើងតាមគោលដៅសំខាន់ៗ នៅតាមបន្ទាត់ព្រំដែន កម្ពុជា.ថៃ ធ្វើឡើងនៅព្រឹកថ្ងៃទី17 ខែឧសភា ឆ្នាំ 2021។

ឯកឧត្តម  អ៊ុ  រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ  បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានលះបង់ខិតខំបំពេញបេសកម្មយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ  ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-19 ដែលកំពុងរាតត្បាតរាលដាលក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី បានជម្រុញបន្ថែមដល់កម្លាំងចម្រុះដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារនៅតាមគោលដៅរបស់ខ្លួន ត្រូវចុះល្បាតតាមភូមិសាស្រ្តក្នុងដែនឈរជើងនីមួយៗ ឲ្យបានជាប្រចាំ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ពិសេសត្រូវ  ធ្វើការបង្រ្កាបមេខ្យល់ដែលអូសទាញ ដឹកនាំពលរដ្ឋលួចឆ្លងដែនទៅទឹកដី ថៃដោយខុសច្បាប់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់  ដូចដែលកងកម្លាំងបានអនុវត្តកន្លងមក។

កងកម្លាំងដែលទទួលស្បៀងរួមមានមាន៥អង្គភាព៖ 1.កម្លាំងយោធាកងពលលេខ51 និង 2.កងកម្លាំងនគរបាលខេត្ត ក្នុងមួយអង្គភាព ទទួលបាន អង្ករ  2,000គីឡូក្រាម  សាច់ជ្រូក40គីឡូក្រាម ,ទឹកបរិសុទ្ធវិតាល់(330ml) 35កេស,ទឹកក្រូច 20កេស, មី 30កេស។ 3.កម្លាំងអាវុធហត្ថ និង 4.កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ  ក្នុងមួយអង្គភាពទទួលបាន អង្ករ 1,000គីឡូក្រាម  សាច់ជ្រូក40គីឡូក្រាម ,ទឹកបរិសុទ្ធវិតាល់(330ml) 35កេស ,ទឹកក្រូច 20កេស,មី 30កេស។ និងទី៥ ក្រុមគ្រូពេទ្យ  ទទួលបានទឹកបរិសុទ្ធវិតាល់(330ml)50កេស,ទឹកក្រូច 24កេស,មី 40កេស៕