ភ្នំពេញ៖ បើយោងតាមប្រភពរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ បន្ទាប់ពីបានឃើញរូបភាពវីដេអូករណីហិង្សាបង្កឡើងដោយកូនប្រុសបង្កើតយកដែកវាយទៅលើឪពុកបស់ខ្លួនយ៉ាងសាហាឃោរឃៅ លើបណ្តាញសង្គមហ្វេសបុកភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាម និងបានដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ករណីនេះកើតឡើងដោយសារនៅពេលដែលជនរងគ្រោះជាឪពុកកំពុងលក់ដូរនៅមុខផ្ទះ កូនប្រុសជាជនបង្ក បានកាត់បំផ្លាញខ្សែភ្លើង និងវាយកំទេចអំពូលភ្លើងនៅក្នុងផ្ទះ ទើបជនរងគ្រោះបានស្តីបន្ទោសទៅលើកូនរបស់ខ្លួន ដោយមានការខឹងនឹងឪពុករបស់ខ្លួនដែលបានស្តីបន្ទោស ភ្លាមៗនោះកូនប្រុសទមិឡម្នាក់នេះ បានទៅយកបំពង់ទីបដែកមកវាយលើឪពុកបង្កើតរបស់ខ្លួនបង្កឲ្យរងរបួសបែកក្បាល និងរបួសត្រង់ដៃ ។
ឪពុកជនបង្កក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ទោះជាយ៉ាងណាជនបង្កបានគេចខ្លួនបាត់ស្រមោល ហើយពេលនេះសមត្ថកិច្ចជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្កដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕