បទអត្ថាធិប្បាយ៖  ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហ្គាហ្សា អាចនឹងគ្មានការបញ្ចប់នោះទេ!

290

ហ្គាហ្សាៈ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសបានព្យាករណ៍ពីបទឈប់បាញ់ក្នុងរយៈពេលឆាប់ៗនេះ ប៉ុន្តែជាក់ស្តែងក្រុមសកម្មប្រយុទ្ធអ៊ីស្រាអែល និងតំបន់ហ្គាហ្សា នៅតែបន្តការវាយប្រហារគ្នាកាន់តែខ្លាំងឡើងចាប់តាំងពីថ្ងៃទី ១០ រហូតដល់ ថ្ងៃទី២០ ឧសភា នេះដោយយន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសជាថ្មី ចំណែកលប៉ាឡេស្ទីនបានបាញ់រ៉ុក្កែតបន្ថែមទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូប៊ីដិន​ កាលពីថ្ងៃពុធនេះ បានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីនណេតាន់យ៉ាហ៊ូ  ឈរលើមាគ៌ាមួយ ឆ្ពោះទៅរកបទឈប់បាញ់។

មន្ត្រីនយោបាយរបស់ក្រុមហាម៉ាស់ លោក មូស្សាអាបម៉ាម៉ាហ្សុក បានប្រាប់ទូរទស្សន៍ al-Mayadeen របស់ប្រទេសលីបង់ថា “ខ្ញុំគិតថាកិច្ចប្រឹងប្រែងដែលកំពុងបន្តទាក់ទងនឹងបទឈប់បាញ់នឹងទទួលបានជោគជ័យ” ។ ខ្ញុំរំពឹងថាបទឈប់បាញ់នឹងត្រូវធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ ហើយបទឈប់បាញ់នឹងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក។

ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ថា៖ លោក Tor Wennesland ប្រេសិតសន្តិភាពមជ្ឈឹមបូព៌ារបស់អង្គការសហប្រជាជាតិ កំពុងជួបជាមួយប្រធានក្រុមហាម៉ាស លោក Ismail Haniyeh នៅប្រទេសកាតា។ប៉ុន្តែការប្រយុទ្ធនៅតែបន្តយ៉ាងក្តៅគគុកដាក់គ្នា ដោយអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ដោយយន្តហោះចម្បាំងរាប់សិបគ្រឿងនៅលើតំបន់ហ្គាហ្សា ។

យោធាអ៊ីស្រាអែលបាននិយាយកាលពីល្ងាចថ្ងៃពុធថា ខ្លួនបានកំណត់គោលដៅបាញ់រ៉ុក្កែតចម្រុះ និងសមាសធាតុការពារអាកាសពីលើអាកាស ទៅលើទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស។នៅព្រឹកថ្ងៃព្រហស្បតិ៍សម្លេងរ៉ុក្កែតបានផ្ទុះឡើងនៅភាគខាងត្បួងនៃប្រទេសអ៊ីស្រាអែលគឺ Beersheba និងនៅតាមតំបន់ជាប់ព្រំដែនហ្គាហ្សា។ មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់និងការខូចខាតឡើយ។ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី ១០ ខែឧសភា មន្រ្តីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្ស ២២៨ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកពីលើអាកាស ដែលបានធ្វើឱ្យស្ថានការណ៍មនុស្សធម៌កាន់តែអាក្រក់ទៅៗ នៅតំបន់ហ្គាហ្សា៕