ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ RAPID TEST ចំនួន ៥.០០០ ឈុត  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា Rapid Test ចំនួន ៥.០០០នេះ គឺជាជំនួយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកជូនដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់តេស្តរកមេរោគកូវីដ-១៩ នៅខេត្តព្រះសីហនុ ម្យ៉ាងទៀត Rapid Testនេះ ជាឧបករណ៍តេស្តរកមេរោគកូវីដបានលឿន និងទាន់ពេលវេលាដើម្បីយើងធ្វើការគ្រប់គ្រង និងកាត់ផ្តាច់ការចម្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថាគុណតម្លៃនៃ Rapid Test ធ្វើឱ្យយើងគ្រប់គ្រងជំងឺកូវីដ-១៩ កុំឱ្យឆ្លងរាលដាលចូលក្នុងសហគមន៍ ដោយសារការតេស្តយើងប្រើរយៈពេលពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ប្រសិនបើតេស្តឃើញវេជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យយើង និងយកពួកគាត់ទៅកាន់មណ្ឌលព្យាបាល ដោយកាត់ផ្តាច់មិនឱ្យមានការចម្លងបន្តទៅអ្នកដទៃទៀត ប្រសិនយើងតេស្តដោយប្រើ P C R ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩ វាមានរយៈពេលវែង អាចពីមួយថ្ងៃឈានដល់ពីរថ្ងៃ ដូច្នេះវាមានហានិភ័យក្នុងការឆ្លងរាលដាលចូលក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង ទន្ទឹមនោះក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ព ជើងគោក ដែលបានឧបត្ថម្ភនូវ Rapid Test មកខេត្តព្រះសីហនុនាពេលនេះ ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានទាន់ពេលវេលា ៕