កូនសត្វផ្សោតទន្លេមេគង្គទើបនឹងកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកជាកូនផ្សោតទី៤

584

ក្រចេះ៖ ជាដំណឹងមួយដ៏រំភើបរីករាយឥតឧបមា បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការ WWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះជាកូនផ្សោតទីបួន ដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រុមអ្នកជំនាញបានសន្មត់ថា កូនផ្សោតនេះមានអាយុប្រហែលពីរថ្ងៃក្រោយពេលដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀត ខណៈកូនផ្សោតទីបី គេបានប្រទះឃើញវាកាលពីថ្ងៃទី១៦ ឧសភា កំពុងហែលជាមួយនឹងសត្វផ្សោតពេញវ័យចំនួន ប្រាំពីរក្បាល ផ្សេងទៀតនៅក្នុងតំបន់អន្លង់កាំពី នៃខេត្តក្រចេះ។

ជាលទ្ធផល ក្រុមស្រាវជ្រាវបានកត់ត្រាទុកចំនួនកូនផ្សោតកើតថ្មី សរុបចំនួន បួនក្បាល នៅចន្លោះខែមករា និងឧសភា ឆ្នាំ២០២១នេះ ខណៈកូនផ្សោតចំនួន ប្រាំមួយ ក្បាលត្រូវបានកត់ត្រាក្នុងចន្លោះរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អង្គការ WWF បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួន ដើម្បីស្វាគមន៍កំណើតកូនផ្សោតថ្មីទីបួន ខណៈអំពាវនាវអំពីភាពចាំបាច់ក្នុងការរួមសហការគ្នាឲ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការការពារសត្វផ្សោតឲ្យជៀសផុតពីភាពវិនាសផុតពូជ។

សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជា មានប្រភេទសត្វត្រីផ្សោតទឹកសាបតែមួយគត់នៅក្នុងទនេ្លមេគង្គ ដែលប្រទេសដទៃពុំមានឡើយ។ បច្ចប្បន្នត្រីផ្សោតនៅសល់តែ៤០ ទៅ ៥០ភាគរយ ដែលមាននៅកនែ្លងទឹកជ្រៅនៃទឹកទនេ្លមេគង្គ ក្នុងខេត្តក្រចេះ ចម្ងាយ ១គីឡូម៉ែត្រ ពីរមណីយដា្ធនកាំពី ហើយវាអាចរស់នៅពី ២០ទៅ៣០ឆ្នាំ។

ត្រីនេះមានមានកូនត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ នៅក្នុងរយៈពេល២ឆ្នាំ ហើយការរស់នៅរបស់វាមានលក្ខណៈរស់នៅជាក្រុម ។ បច្ចុប្បន្ន ត្រីផ្សោតមានសារៈប្រយោជន៍ខ្លាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ និងអាចរកប្រាក់ កំរៃបានក្នុងវិស័យទេសចរណ៍ធម្មជាតិ ។