ព្រោះតែគំនុំចាស់មិនទាន់សងសឹកចប់ ធ្វើឲ្យជនញៀនថ្នាំ ២នាក់ ក្លាយជាឃាតករ

290
ភ្នំពេញ៖ ករណីជនញៀនថ្នាំ ២នាក់ជិះម៉ូតូដេញបំបុកបុរសម្នាក់រួច យកដំថ្មទម្រជើងឆ័ត្រវាយបន្ថែម បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើលត្រង់ចំណុចផ្លូវលំក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត្រ ។ ជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣៧ ផ្លូវ៤៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូកង់បីឥណ្ឌា មានផ្ទុកសារធាតុញៀន និងជនសង្ស័យម្នាក់ទៀតឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១១៧ ផ្លូវលំ ក្រុម៤ ភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរកម្មករមើលម៉ូតូនៅផ្សារបឹងទំពន់ មានផ្ទុកសារធាតុញៀនដូចគ្នា។
ជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
ប្រភពឲ្យដឹងថា៖ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០១ម៉៣០ នាទីរំលងអាធ្រាត្រ ជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ និងជនសង្ស័យឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក បានផឹកស្រាបៀរ នៅមុខផ្សារបឹងទំពន់ ពេលផឹករួចក៏បើកម៉ូតូកង់បីឥណ្ឌាឡើងទៅលើផ្លូវ ២៧១ ក៏បានប្រទះឃើញ ឈ្មោះ ម៉ុក អង្គាររស្មី ដែលជាដៃគូរគំនុំធ្លាប់មានទំនាស់គ្នាកន្លងមក ភ្លាមនោះជនរងគ្រោះបានចុះពីលើម៉ូតូកង់បី មកប្រតាយប្រតប់គ្នាទៅវិញទៅមកជាមួយឈ្មោះ កែវ យិនភី ហៅ តួ ខណៈនោះជនរងគ្រោះបានរត់ទៅយកបន្ទះឈើទទឹងប្រវែង ០២តឹក បណ្ដោយប្រវែង ១ម៉ែត្រ មកវាយជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ ឲ្យរបួសដៃខាងឆ្វេង បន្ទាប់មកឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក បានចូលទៅជួយបក្ខពួកខ្លួន ស្រាប់តែជនរងគ្រោះបានរត់ចេញហើយទៅវាយកញ្ចក់មុខម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ បណ្តាលឲ្យបែកខ្ទេច ហើយក៏បានរត់គេចខ្លួន ពេលនោះជនសង្ស័យ ០២នាក់ បានបើកម៉ូតូកង់បីឥណ្ឌាដេញតាមពីក្រោយមកដល់នៅចំណុច ភូមិសន្សំកុសល៣ (កន្លែងកើតហេតុ) ក៏បំបុកជនរងគ្រោះពីខាងក្រោយបណ្ដាលឲ្យដួលដាច់ផ្ងារ និងបានយកដុំថ្មទម្រជើងឆ័ត្រវាយបន្ថែមទៀតបណ្តាលឲ្យស្លាប់ភ្លាមៗ ហើយបានបើកម៉ូតូកង់បីឥណ្ឌានោះរត់គេចខ្លួនបាត់តែម្ដង ។
រហូតមកដល់វេលាម៉ោង ០៩និង០០នាទីល្ងាចថ្ងៃទីខែឆ្នាំដដែល អាជ្ញាធរ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ យកមកទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ធ្វើការសាកសួរតែម្តង ។
ចំណែកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ