អង្ករដំណើបស្បៃមង្គលកំពុងមានសក្តានុពលទៅទីផ្សារប្រទេសចិន

265

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើប្រជាកសិករចូលរួមដាំដំណាំស្រូវប្រភេទអង្ករដំណើបស្បៃមង្គល ឱ្យបានកាន់តែច្រើន ខណៈដែលអង្ករប្រភេទនេះកំពុងមានសក្តានុពលខ្ពស់ទៅទីផ្សារប្រទេសចិន។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សហព័ន្ធកំពុងជំរុញការនាំ ចេញអង្ករដែលជាសក្តានុពលរបស់កម្ពុជាដែលរួមមានទី១ គឺអង្ករដំណើបស្បៃមង្គលនិងទី២ គឺអង្ករសែនក្រអូប ខណៈប្រភេទអង្ករម្លិះអង្គរ ក៏កំពុងត្រូវបានកសាងកេរ្តិ៍ឈ្មោះជាប្រភេទអង្ករល្អនៅលើពិភព លោករយៈពេលជាង៤ឆ្នាំមកហើយ។

លោកឧកញ៉ាបន្តថា បច្នុប្បន្ននេះ ប្រភេទអង្ករដែលកំពុងមានសក្តានុពល គឺប្រភេទអង្ករដំណើបស្បៃមង្គល ដែលប្រភេទអង្ករនេះកំពុងពេញ និយមប្រើប្រាស់ច្រើននៅក្នុងប្រទេសចិន។ លោកឧកញ៉ាបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករដំណើបទៅទីផ្សារក្រៅ ប្រទេសប្រមាណជាង១ម៉ឺនតោនហើយកាលពីឆ្នាំកន្លង មក ដូច្នេះសក្តានុពលនៃប្រភេទអង្ករដំណើបនេះ គឺអាចមានរហូតទៅដល់ជាង ១០ដង នេះបើមើលពីសន្ទុះនៃតម្រូវការអង្ករដំណើបនេះនៅទីផ្សារចិន។ ដូចនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ស្នើប្រជាកសិករកម្ពុជាចូលរួមដាំដំណាំស្រូវប្រភេទអង្ករដំណើបស្បៃមង្គលនេះឱ្យបានច្រើន ហើយសហព័ន្ធគឺធានាអះអាងថា នឹងជួយរកទីផ្សារនាំចេញអង្ករប្រភេទនេះទៅប្រទេសចិន ខណៈចិនកន្លងមកបានគាំទ្រអង្ករកម្ពុជារួចជាស្រេចហើយនោះ។

សំឡេង៖«អង្ករដំណើបនេះយើងបានកំណត់ទីផ្សារច្បាស់ហើយ គឺទីផ្សារប្រទេសចិនគឺជាទីផ្សាគោល ហើយទីផ្សារផ្សេងៗទៀតដូចជាសហគមន៍អ៊ឺរ៉ុបអី ក៏យើងគិតគូដែរ ប៉ុន្តែដោយសារចិនតម្រូវការ របស់គាត់មួយឆ្នំាៗជាងកន្លះលានតោនទៅលើអង្ករដំណើប។ ហើយដោយឡែកទីផ្សារផ្សេងទៀត តម្រូវការនៅមានកំរិតទាប ព្រោះយើងឃើញថាសហគមន៍អ៊ឺរ៉ុបក៏មានតម្រូវការអង្ករដំណើបដែរ ប៉ុន្តែនៅកម្រិតទាបបំផុត ត្រឹមតែជាង១ម៉ឺនតោនប៉ុណ្ណោះ ហើយយើងក៏ចង់ជំរុញដែរ ក៏ប៉ុន្តែក្នុងពេលនេះ គឺយើងផ្តោតទៅលើប្រទេសចិន ដែលជាប្រទេសមានសក្តានុពលសម្រាប់អង្ករដំណើរនេះ»។

បើតាមរបាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងរយៈពេលជិត៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជាង ៤លាន១សែនតោន ច្រើន ជាងឆ្នាំ២០២០ចំនួន ១លាន ១សែនតោន ដែលក្នុងនោះ ការនាំស្រូវចេញបានចំនួន ១ លាន៦សែន តោន៕

ប្រភព៖ ក្រសួងព័ត៌មាន