(ភ្នំពេញ)៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បដិសេធរូបភាពវិដេអូដែលប្រព័ន្ធសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅ រោងចក្រមួយក្នុងខេត្តស្វាយរៀងរកឃើញ វិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាកគឺ មិនមែនជាការពិតទេ ។ តាមរយៈហេ្វសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ទៀតថា កម្មករពិតជាបាននាំគ្នាសម្រុកចេញពីរោងចក្រ មួយកន្លែង កាលពីល្ងាចថ្ងៃពុធនេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩ ។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ និងបំភ្លឺថា «នៅព្រលប់ថ្ងៃទី២៦ ខែឧសភា នេះ ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១០៨នាក់ ដោយក្នុងនោះរកឃើញ ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយកទៅ ព្យាបាលភ្លាមៗផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា “តាមពិតកម្មករដែលនាំគ្នារត់នោះ គឺនៅរោងចក្រផ្សេងទេ “។ ពួកគាត់ឃើញគេយកសំណាក ពួកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅ ហើយវាច្រឡំអញ្ចឹងទេ»។ ចំពោះមុខសញ្ញាដែលយើងយកគឺតែ អគារនៅក្នុងរោងចក្រ អេអេនជេ ហើយអគារដែលមិនពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ យើងមិនបានយកនោះទេ ។