មន្រ្តីស៊ីម៉ាក់ បានចុះទៅកាន់តំបន់ ដែលមានគ្រាប់មីនផ្ទុះបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសម្នាក់

265

បាត់ដំបង៖ សមត្ថកិច្ចឲ្យដឹងថាបន្ទាប់ពីមានបុរសពីរនាក់បើកគោយន្តជាន់មីនតោនស្លាប់ម្នាក់ រងរបួសម្នាក់នោះ អាជ្ញាធរមូលដ្ឋានបានហៅក្រុមមន្រ្តីស៊ីម៉ាក់ ចុះមកកាន់តំបន់រងគ្រោះភ្លាមៗ ស្ថិតនៅភូមិចំការចេក ឃុំ ស៊ុងស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីរាវគ្រាប់មីនតំបន់នោះបន្ថែម នាល្ងាចថ្ងៃទី២៧ ខែឧសភា ។ លោក កែវ វិបុល នាយប៉ុស្តរដ្ឋបាលឃុំស៊ុង បានឲ្យដឹងថា ក្រោយពេលដែលក្រុមមន្រ្តីស៊ីម៉ាក់ចុះរាវក្បែរតំបន់រងគ្រោះ ក៏ប្រទះឃើញគ្រាប់មីនចំនួន៣គ្រាប់ក្បែរគ្នាទៀត គឺមួយគ្រាប់ ជាគ្រាប់មីនតោន និង ពីរគ្រាប់ជាមីនស្គរ ។លោកបន្តថាដោយសារតែពេលល្ងាចទៅហើយ ទីតាំងនេះត្រូវបានមន្រ្តីស៊ីម៉ាក់ ដាក់សញ្ញា ជុំវិញហាមមិនឲ្យពលរដ្ឋឆ្លងកាត់ និង បន្តរុករកនៅថ្ងៃស្អែកទៀត លើដីដែលពលរដ្ឋរុករានព្រៃបុស្ស ដើម្បីធ្វើចម្ការ។ សូមបញ្ជាក់ថា មានបុរស ពីរនាក់បានជិះគោយន្តកន្រ្តៃត្រឡប់មកពីចម្ការវិញតាមផ្លូវឡានចាស់ ពីសម័យសង្គ្រាម បណ្តាលឲ្យជាន់មីនតោន ស្លាប់ម្នាក់ភ្លាមៗ និង ម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី ២៧ខែឧសភា នៅចំណុច ចំការចេកក្រោម ភូមិចំការចេក ឃុំ ស៊ុង ស្រុកសំឡូតខេត្តបាត់ដំបង ។ លោក កែវ វិបុល បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ខាងលើ ម្នាក់មានឈ្មោះ ប៊នសុគា ភេទប្រុសអាយុ២៧ឆ្នាំ ស្លាប់បាត់ បង់ជីវីត និង ម្នាក់ទៀតឈ្មោះ ហង់ សីហ័រ អាយុ២៦ឆ្នាំ រងរបួសមុខ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។ លោកនាយប៉ុស្តបានបញ្ជាក់ថាមុនកើតហេតុ ជនរងគ្រោះទាំងពីរបានជិះគោយន្តទៅកាត់ស្មៅចម្ការ ថ្មីដែលទើបធ្វើឆ្នាំនេះ ស្ថិត ក្បែរទីតាំងកើតហេតុខាងលើ លុះមានភ្លៀងរលឹម ជនរងគ្រោះទាំងពីរ បានបើកគោយន្ត ត្រឡប់មកផ្ទះវិញ កាត់តាមផ្លូវឡានចាស់ក្នុងសម័យសង្គ្រាម ដែលផ្លូវនេះ ទុកចោលមិនមានអ្នកបើកឆ្លងកាត់នោះទេ ក៏បណ្តាលឲ្យជាន់មីនតោនផ្ទុះឡើងតែម្តង ។ លោកបញ្ជាក់ថាខណៈដែលផ្ទុះមីនតោននោះ តៃកុងគោយន្តបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ចំណែកអ្នកជិះពីក្រោយ ខ្ទាតធ្លាក់ពីលើគោយន្តហើយ ស្រវេស្រវារត់មកប្រាប់អ្នកភូមិពីហេតុការណ៍ រួចខ្លួនក៏ល្ងិតមុខដួលសន្លប់តែម្តង ហើយ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ។ លោកបញ្ជាក់ថាក្រោយកើតហេតុ ទាំងសមត្ថកិច្ចនិងអ្នកភូមិ បានទៅពិនិត្យទីតាំង ហើយបានបញ្ជូនសពជនរងគ្រោះ ទៅគ្រួសារដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ៕

ប្រភព៖ ក្រសួងព័ត៌មាន