ទីតាំងល្បែងស៊ីសង ⟨ភ្នាល់ទឹកភ្លៀង⟩ ជាច្រើនកន្លែង កំពុងតែបើកដំណើរលេង យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមូលដ្ឋាន មិនព្រមចុះបង្ក្រាប

452

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ⟨ភ្នាល់ទឹកភ្លៀង⟩ ជាច្រើនកន្លែង ស្ថិតនៅបណ្តោយផ្លូវ១៣៩ កែង១៦៤ ក្នុងបរិវេណ សង្កាត់វាលវង្ស ខណ្ឌ៧មករា កំពុងតែបើកដំណើរលេង យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមូលដ្ឋាន មិនព្រមចុះបង្ក្រាប ទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន បានរាយការណ៍ជម្រាបជូនជាព័ត៌មានដល់អាជ្ញាធរខណ្ឌ៧មករា ក៏ដោយ ។

ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលមូលដ្ឋាន ក្នុងខណ្ឌ៧មករា ពោលពេញទៅដោយពួកញៀនល្បែង ដូចពាក្យពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ប្លន់សម្លាប់។

ក្នុងករណីល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះទៅបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន ព្រោះល្បែងស៊ីសងទាំងនោះ ជាដើមចមនៃការបង្កបង្កើនរាល់បទល្មើស៕

ដោយ៖ ញ៉ក់ ប៊ុនធឿន ភ្នាក់ងារភ្នំពេញ