បាត់ដំបង៖ លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តនិងជាអភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងថា មកទល់ពេល នេះ មន្រ្តីជំនាញបរិស្ថានបានបញ្ជូន សំណាកទឹកកខ្វក់ ទៅពិនិត្យនៅឡាបូរាជធានីភ្នំពេញពីល្ងាចថ្ងៃទី២៧ខែឧសភា ដើម្បីពិនិត្យកម្រិតជាតិពុល។ លោកបន្ថែមថាអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធកំពុងតាមដានយ៉ាងយក ចិត្តទុកដាក់ចំពោះករណីទឹក កខ្វក់ ហូរចេញពីក្រុមហ៊ុនមួយ ដែលបង្កឱ្យពុលត្រីងាប់ក្នុងស្ទឹង ប៉ែកខាងលើ ក្នុងនោះមាន មន្រ្តីពីរក្រុម គឺមន្រ្តី បរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅទីតាំងក្រុមហ៊ុនចិន ដែលមានធ្លាយទឹកកខ្វក់ចូលស្ទឹង និង មួយក្រុមទៀតគឺមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង និងអង្គភាពរដ្ឋាករទឹកបាត់ដំបង ទៅពិនិត្យវាយតម្លៃទឹកប៉ែកខាងលើ ។ លោក កត បុរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឱ្យដឹងថា លទ្ធផលទឹកកខ្វក់ដែល បញ្ជូនទៅភ្នំពេញ ពិនិត្យនោះគឺនឹងចេញលទ្ធផលនារសៀលថ្ងៃទី២៨ខែឧសភានេះ ទើបដឹងថាវាមានទំហំផលប៉ះពាល់កម្រិតណា យើងនឹងមានវិធានការភ្លាៗ។ តាមការវាយតម្លៃបឋមគឺត្រីងាប់ក្នុងស្ទឹង គឺបណ្តាល មកពីខ្វះអុកស៊ីហ្សែន ។ លោក ប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថាសំណាកទឹកដែលយកទៅពិនិត្យនោះ គឺយកសំណាកដើមទី១និងចុង ចម្ងាយ១០គីឡូ ពីកន្លែងធ្លាយទឹកកខ្វក់។ ឯទីតាំងដែលលេចធ្លាយនោះបានយកគ្រឿងចក្រកាយបង្ហាប់ដី ដើម្បីទប់មិនឱ្យជ្រាបមកបន្ថែមទៀត រួចរាល់ហើយ ។ លោកបន្ថែមថានាថ្ងៃត្រង់ថ្ងៃទី២៨ ខែឧសភានេះ ខាងប្រតិភូ ក្រសួងបរិស្ថានបានចុះទៅពិនិត្យទីតាំងក្រុមហ៊ុនចិនខាងលើដើម្បីវាយតម្លៃ ទីតាំងលេចធ្លាយនេះបន្ថែម។ សូមបញ្ជាក់ថា រោងចក្រចិនមួយកន្លែងនៅភូមិទំនប់ទឹកសាប ឃុំជីប៉ាង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ស្ថិតនៅខ្សែទឹកខាងលើ បានធ្លាយអាងស្តុកកាកសំណល់រាវឧស្សាហកម្មហូរចេញពីរោងចក្រ ចូលទៅក្នុងខ្សែទឹកស្ទឹងសង្កែប៉ែកខាងលើ បង្កឱ្យមានត្រីងាប់ ជាច្រើន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភពីសុខភាព ពលរដ្ឋដែលប្រើប្រាស់ ទឹកតាមដងស្ទឹងសង្កែ។ នេះជាលើកទីពីរហើយដែលទឹកកខ្វក់បានហូរ ធ្លាយពីក្រុមហ៊ុនចិននេះចូលស្ទឹង។ លោក អ៊ុត ខ្លឹង ប្រធានរដ្ឋាករទឹកខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងភ្លាមៗផងដែរថា ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានអន្តរាគមន៍ទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យមានការទប់ស្កាត់ និងបិទទ្វារទឹកដើម្បីទប់ស្កាត់ហានិភ័យដល់ការងារផលិតកម្មអង្គភាពរដ្ឋាករទឹកបាត់ដំបង និងតាមបណ្តាក្រុមហ៊ុនអាជីវករទឹកស្អាតនានា ដែលនៅខ្សែទឹកខាងក្រោម។
ដោយឡែកនៅឯអង្គភាពរដ្ឋាករទឹកបាត់ដំបងវិញ បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាព ទឹកឱ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំគិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមិនមាន ការប្រែប្រួលខុសពីប្រក្រតីឡើយ គឺអនុលោមតាមស្តង់ដារគុណភាពទឹកអង្គភាពនៅឡើយ។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ជ្រាបជាព័ត៌មាន បើមានការប្រែប្រួលគុណភាពទឹកយ៉ាងណា អង្គភាពរដ្ឋាករទឹកបាត់ដំបងយើងខ្ញុំ នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។ចំពោះដំណឹងតាមបណ្តាញសង្គមខ្លះដែលថា អង្គភាពរដ្ឋាករទឹកបាត់ដំបង ផ្អាកការផ្គត់ផ្គង់ទឹករយៈពេល ២ថ្ងៃដោយសារតែការបំពុលប្រភពទឹកខាងលើ គឺជាព័ត៌មានមិនពិតនោះទេ
ប្រភព៖ក្រសួងព័ត៌មាន