សុវណ្ណថា ជាប់ពន្ធនាគារ ២ដង មិនរៀងចាល ចេញមកវិញបែកថ្នាំញៀនលើសដើម បំផ្លាញទ្រព្យសម្បត្តិម្តាយគ្មានសល់

319

បន្ទាយមានជ័យ៖ ម្តាយចាស់អាយុ ៦៤ឆ្នាំ ខឹងកូនញៀនថ្នាំបំផ្លាញទ្រព្យសម្បត្តិ រករឿងខ្លួនខ្លាំងពេកប្តឹងសមត្ថកិច្ចអាវុធហត្ថចាប់វាយខ្នោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ចាការមួលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយម្តាយ ចាស់ អាយុ៦៤ឆ្នាំ ឈ្មោះ មូល ខៀវ បានមកប្តឹងថា កូនប្រុសរបស់ខ្លួនឈ្មោះ សុវណ្ណ ថា អាយុ ២៩ឆ្នាំ ប្រើហិង្សាបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ដែលប្រព្រឹត្តកាលពីវេលាម៉ោង09.00នាទី ថ្ងៃទី28 ខែឧសភា ឆ្នាំ2021 ដែលបង្កឡើងនៅលើផ្ទះ នៅចំណុចខាងជើងរោងចក្រសានកូ ស្ថិតក្នុងភូមិ.សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយាមានជ័យ។

ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន០២លើកមកហើយ គឺករណីចែកចាយគ្រឿងញៀន និងករណីលួចរថយន្ត។ ក្រោយចេញពីពន្ធនាគាររូបខ្លួនបានប្រើប្រាស់គ្រឿងញៀនជារៀងរាល់ថ្ងៃ ហើយបង្កការអុកឡុកដល់ក្រុមគ្រួសារ ហើយពេលខឹងនឹងម្ដាយម្តងៗ ខ្លួនតែងតែបោកបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទីអស់គ្មានសល់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី28 ខែឧសភា រូបខ្លួនបានខឹងនឹងម្ដាយមិនយកបាយឱ្យខ្លួនស៊ី ទើបខ្លួនបោកកំទេចឆ្នាំងបាយ និងសម្ភារៈក្នុងផ្ទះអស់មួយចំនួន៕

(សៅ នៅ)