គន្លឹះទាំង ៤ចំណុច របស់ឧកញ៉ា គួច ម៉េងលី ដើម្បីភាពជោគជ័យ

839

ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់លោកឧកញ៉ា គួច ម៉េងលី ជាជាតិខ្មែរសញ្ជាតិអាមេរិកកាំង ដែលជាស្ថាបនិកនៃវិទ្យាស្ថាន និងសាលា អន្តរទ្វីប អាមេរិកាំង។​ លោកឧកញ៉ា តែងតែបានផ្ដល់នូវគន្លឹះ និងគំនិតល្អៗជាច្រើនទាក់ទងនឹងការធ្វើយ៉ាងណាឲ្យបុគ្គលម្នាក់បានជោគជ័យ និងអាជីវកម្មមួយទទួលបានជោគជ័យ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗរបស់លោកឧកញ៉ាដែលមនុស្សជាច្រើនគួរតែយកគំរូតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីប្រព្រឹត្តិខ្លួនទៅរកភាពជោគជ័យ៖

១. ត្រូវសិក្សាអំពីទីផ្សារ ទីកន្លែង ជ្រើសរើសបុគ្គលិកដែលត្រូវមានអាកប្បកិរិយាល្អ ក្រមសីលធម៌ខ្ពស់ មានចំណេះដឹងត្រឹមត្រូវ និងឆ្លងកាត់ការហ្វឹកហ្វឺនច្បាស់លាស់។​ ទីផ្សារពិតជាសំខាន់វាប្រៀបបានទៅនិងដៃជើងរបស់មនុស្សយើងដែរ ទីផ្សារដើរទើបក្រុមហ៊ុនរីកចម្រើនទៅមុខបាន។

២. ត្រូវជ្រើសរើសមនុស្សដែលមានលក្ខណៈ ៥ តែអាចធ្វើបាន ១០។ យើងមិនចង់ជ្រើសរើសយកមនុស្សណាដែលមាន ១០ ប៉ុន្តែធ្វើបានតែ ៥ នោះទេ។ គឺជ្រើសរើសមនុស្សដែលស្រលាញ់ការងារយកមកធ្វើការជាមួយយើង កុំរើសមនុស្សដែលស្រលាញ់លុយជាងគោលដៅ។

៣. ត្រូវបន្តអភិវឌ្ឍខ្លួនឯង លើកស្ទួយខ្លួនឯង បណ្ដុះខ្លួនឯង បង្រៀនខ្លួនឯង បណ្ដុះបណ្ដាលកូនចៅយើង កូនក្រុមយើង ឲ្យដើរទាន់សម័យកាលវិវឌ្ឍន៍របស់ចំណេះដឹង សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ហើយទន្ទឹមនឹងនេះផងដែរ យើងត្រូវមានផលប្រយោជន៍ដល់ពួកគាត់ តាមស្តង់ដារដែលប្រទេសនានាគេបានធ្វើ។

៤. កត្តាកំណត់ជោគជ័យ គឺអាស្រ័យលើវិស័យនៃអាជីវកម្ម។ អាជីវកម្មខុសៗគ្នា កត្តាជោគជ័យដែលត្រូវការចាំបាច់ ក៏ខុសៗគ្នា ប៉ុន្តែជារួមទោះអាជីវកម្មអ្វីក៏ដោយ យើងត្រូវការមនុស្សល្អ យើងត្រូវការរចនាសម្ព័ន្ធត្រឹមត្រូវ យើងត្រូវការច្បាប់ទម្លាប់កិច្ចការទូទៅ យើងត្រូវការទីកន្លែងអំណោយផល និងយើងត្រូវធ្វើម៉ាឃីតធីង (marketing) ថ្លៃថ្នូរ៕