ក្រសួងបរិស្ថាន បង្ហាញពីលទ្ធផលធ្វើតេស្តលើសំណាកទឹកស្ទឹងសង្កែ គឺមានជាតិអាស៊ីដ ទើប បណ្តាលឲ្យត្រីងាប់

254

បាត់ដំបង៖ យោងតាមការពិនិត្យទៅលើសំណាកទឹកស្ទឹងសង្កែដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថានរកឃើញថា មានសារធាតុអាស៊ីដនៅក្នុងទឹកដែលតាមការស្រាវជ្រាវគឺសង្ស័យមានការលេចធ្លាយហូរចេញពីក្រុមហ៊ុន ឈ្មោះហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial)ស្ថិតនៅស្រុករតនមណ្ឌលខេត្តបាត់ដំបង ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ ។

លោក កត បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង នាល្ងាចថ្ងៃទី៣០ខែឧសភា បញ្ជាក់ថាក្រោយពីទទួលព័ត៌មានថាមានបំពុលទឹកក្នុងដងស្ទឹងសង្កែមួយផ្នែកខាងលើធ្វើឲ្យមានត្រីងាប់ មន្ត្រីជំនាញក្រសួងបរិស្ថាន មន្ត្រីអធិការកិច្ច ដោយសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលខេត្តនិងមន្ទីរជំនាញជុំវិញខេត្ត បានចុះពិនិត្យ ភ្លាមៗ ។ការលេចធ្លាយនេះកើតឡើងដោយសារតែមាន ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នានៅក្នុងតំបន់ នោះ មានទឹកជំនន់ធ្វើឲ្យមានការលេចធ្លាយសារធាតុអាស៊ីដហូរចូលក្នុងទឹកស្ទឹង។

លោកកត បូរាណឲ្យដឹងថារហូតមកដល់ថ្ងៃទី៣០ ខែឧសភា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបានទប់ស្កាត់និងគ្រប់គ្រងបានទាំងស្រុងនូវផលប៉ះពាល់នេះ ហើយកម្រិត សាធាតុអាស៊ីដនៅក្នុងទឹកក៏ត្រូវបានបន្សាបរួចរាល់ហើយ។ស្ថានភាពបច្ចុប្បន្ន ទឹកនៅតាមដងស្ទឹងសង្កែដែលរងការបំពុលមានពណ៌លឿងត្នោត តែ មិនមានផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងជីវចម្រុះទៀតទេ។

លោកប្រធានមន្ទីរបរិស្ថានខេត្តបន្ថែមថា មន្ត្រីជំនាញក្រសួងបរិស្ថានបាននឹងកំពុងពិនិត្យលើវិធានការដាក់វិន័យចំពោះក្រុម ហ៊ុនចិនដែលបង្កឲ្យមានការលេចធ្លាយសារធាតុអាស៊ីដចូលក្នុងទឹកខាងលើ។ ក្រុមការងារ បច្ចេកទេសនៃក្រសួងបរិស្ថាននឹងពិនិត្យលើវិធានការនៅថ្ងៃទី៣១ ខែឧសភា ក្រោយពីទទួលបានព័ត៌មានពេញលេញ និងទទួលបានលទ្ធផលពី មន្ទីរពិសោធន៍ថា ក្រៅពីសារធាតុអាស៊ីដ និងមានសមាសភាពសារធាតុអ្វីផ្សេង ទៀត។

វិធានការភ្លាមៗនេះបង្ហាញពីការ យកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធចំពោះបរិស្ថាន ដើម្បីឲ្យច្បាស់ថាគុណភាពបរិស្ថានត្រូវបានធានា និងកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា ដោយប្រកាន់ខ្ជាប់នូវការពង្រឹងការអនុវត្តន៍ ច្បាប់ និងវិធានការបរិស្ថាននានា។

យោងតាមនីតិវិធីដែលមន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានអនុវត្តកន្លងមក ករណីមានការបំពុលបែបនេះ ជាវិធានការទី១) ស្នើឲ្យមានការ ផ្អាកជាបណ្តោះអាសន្ននៃដំណើរការក្រុមហ៊ុន នេះដោយតម្រូវឲ្យមានការឯក ភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងអាចស្នើសុំការសហការពីអាជ្ញាធរខេត្តដើម្បីផ្អាកសកម្មភាពបណ្តោះអាសន្ន ដើម្បីពិនិត្យសាឡើងវិញនូវបទដ្ឋានបច្ចេកទេស មុននឹងអនុញ្ញាតឲ្យដំណើរការសាជាថ្មី។ វិធានការទី២) ក្រុមការងារបច្ចេកទេស នឹងពិនិត្យលើទំហំនៃការបំពុលលើបរិស្ថានដែលក្រុមហ៊ុនបាន បង្កឡើង និងត្រូវប្រឈមនឹងការផាកពិន័យយោងតាមច្បាប់ជាធរមាន៕

ប្រភព៖ក្រសួងព័ត៌មាន