បាត់ដំបង៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ខណៈដែលរូបគាត់កំពុង ភ្ជួរដីធ្វើចំការនៅលើដីរបស់គាត់ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ប្រជាពលរដ្ឋឈ្មោះ ញៀន ហឿន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិកើតហេតុខាងលើ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា នៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ដែលពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌកប់នៅក្នុងដីពេលនេះ គឺជាចំណុចក្តៅមួយក្នុងចំណោមចំណុចក្តៅផ្សេងទៀតដែលមានបង្កប់ដោយយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម ហើយជារឿយៗប្រជាពលរដ្ឋបានប្រទះឃើញយុទ្ធភ័ណ្ឌទាំងនេះ នៅពេលគាត់កាប់គាស់ភ្ជួរដីបង្កបង្កើនផល ។
លោកបន្តថា អនុវត្តតាមមតិណែនាំរបស់លោកស្នងការ សមត្ថកិច្ចរបស់លោកតែងតែណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈពេលដែលពួកគាត់បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូ មផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយភ្លាមៗ។ លោកថាទោះជាបែបនេះក្តី យូរៗម្តងយុទ្ធភ័ណ្ឌទាំងនេះបានបង្កឱ្យប្រជាពលរដ្ឋទទួលរងគ្រោះថ្នាក់ តាមរយៈការភ្ជួរដីឬបានប៉ះពាល់ដោយខ្វះការប្រុងប្រយ័ត្ន។
លោកអធិការបានឱ្យដឹងបន្តថា នៅពេលនេះសមត្ថកិច្ចនគរបាលរបស់លោកបានទៅដល់ចំណុចនោះដោយបានពិនិត្យឃើញជាក់ស្តែង និងបានផ្តល់ព័ត៌មានជូនទៅអង្គភាពកំចាត់មីនកម្ពុជា CMAC ដើម្បីជ្រាប និងចាត់ចែងតាមជំនាញហើយ៕