(កណ្តាល)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ រួមជាមួយក្រុមការងារ បានឧបត្ថម្ភជាអង្ករក ១តោន មីចំនួន ៥០កេស ម៉ាស់ ១កេសធំ និងអាល់កុល ២កាន ជូនដល់សាលាក្រុងតាខ្មៅ ក្រោមវត្តមានលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ដើម្បីយកទៅចែកជូន ដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ។
ឯកឧត្តម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានមានប្រសាសន៍ថា អំណោយដ៏ស្តួចស្តើងនេះ ជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ហើយកន្លងមកក្រុមការងារសប្បុរសធម៌យើង ក៏ធ្លាប់ចុះជួយដល់ប្រជាពលរដ្ឋតាមភូមិឃុំមួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-19 និងបង្ការការរីករាលដាលឆ្លងចូលសហគមន៍ ។ ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ នាពេលបច្ចុប្បន្ន ទាមទារជាចាំបាច់ ឲ្យយើងចេះជួយគ្នា ជាពិសេសនៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើង បាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩។
លោក នូ សុវណ្ណរ៉ា បានមានប្រសាសន៍ថា “ក្នុងនាមអភិបាលក្រុងតាខ្មៅ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លី វិចិត្រ រួមនិងក្រុមការងារ ដែលបានឧបត្ថម្ភ អង្ករ មី ម៉ាស់ និងទឹកអាល់កុល ជូនរដ្ឋបាលក្រុងតាខ្មៅ ដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការ សម្រាប់យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងរដូវកាលកូវីដ១៩ នេះ។
លោកបានបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលក្រុង ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ ១៩ នៅទូទាំងប្រទេសកម្ពុជា។