(បន្ទាយមានជ័យ)៖ វិបត្តិកូវីដ-19 ម្ចាស់ បិទទ្វារផ្ទះ និងហាងចោល ត្រូវចោរចូលវ៉ៃគាស់សម្ភារអគ្គីសនី ប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យ09នាក់ បញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី06 ខែមិថុនា ឆ្នាំ 2021 ចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងភូមិឃុំមានសុវត្ថិភាព និងមានពាក្យបណ្តឹងពីជនរងគ្រោះ ចំនួន2នាក់ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាលួចវ៉ៃគាស់ ទ្វារផ្ទះ និងហាងលួចយកសម្ភារ កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន06នាក់ ក្រោយពីទទួលបានពាក្យបណ្តឹង កាលពីថ្ងៃទី03 ខែមិថុនា ឆ្នាំ2021។
លោកអធិការស្តីទី បញ្ជាក់ថា តាមចម្លើយជនសង្ស័យ06នាក់ ជាអ្នកវ៉ៃគាស់ ទំលុះទ្វារ និងជាអ្នកប្រើប្រាស់គ្រឿងញៀន បានចូលលួចយក បានម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនដេរ អំពូលភ្លើង ខ្សែភ្លើង ជាច្រើនគ្រឿង ចរន្តអគ្គីសនីត្រូវកាត់ផ្តាច់ទាំងអស់ លើផ្ទះប្រជាពលរដ្ឋមួយកន្លែង និងហាងមួយកន្លែងក្នុងសង្កាត់.ក្រុងប៉ោយប៉ែត។ កម្លាំងជំនាញបានឈានកំណត់មុខសញ្ញា និងឃាត់ខ្លួនបាន អ្នកទទួលផលចោរកម្មបន្ថែម03នាក់ទៀតផងដែរ។
លោកបោន សីហា បញ្ជាក់ថា ករណីដែលជនសង្ស័យចូលវ៉ៃគាស់ ទំលុះទ្វារ ចូលយកទ្រព្យសម្បត្តិនេះ ដោយសារម្ចាស់ផ្ទះ ទៅរស់នៅឯស្រុកកំណើត ហើយម្ចាស់ហាងមួយកន្លែងទៀត បិទទ្វារហាងចោលសំរាកនៅផ្ទះ ដោយសារតែក្រុងប៉ោយប៉ែតកំពុងជួបវិបត្តិកូវីដ-19 ផ្ទុះរីកដាល។ ស្របពេលដែល ជនសង្ស័យទាំង09នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបញ្ចូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ សម្ភារដែលជនសង្ស័យលួចត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕