មុខរបរដំណាំពោតឆ្នាំនេះធ្វើឲ្យជាកសិករមានជីវភាពល្អប្រសើរឡើង គ្រាន់បើ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ

653

(បន្ទាយមានជ័យ)៖ មុខរបរដំណាំពោតប្រភេទពូជ88 ជាប្រភេទពោតគ្រាប់ស ស្ងោរលក់សំរាប់មនុស្សបរិភោគធ្វើឲ្យជាកសិករមានជីវភាពល្អប្រសើរឡើង ក្នុង០១ ហិកតា កសិករអាចទទួលបានប្រាក់ចំនូលចាប់ពី 10.000.000ទៅ 11.000.000រៀល។

លោក ហ៊ុត លី ប្រជាកសិកររស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានរៀបរាប់ថា ដើមឡើយលោកជាប្រជាកសិករដាំដំណាំស្រូវ និងដំឡូងមី តែមិនសូវកាក់កបនោះទេ ដោយមានការណែនាំពីបងប្អូន បានងាកមកដាំដំណាំពោតជំនួសវិញ ដែលមានទីតាំងក្នុងភូមិពង្រ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បុរសវ័យជាង50ឆ្នាំម្នាក់នេះ បានបញ្ជាក់ថា ការដាំដំណាំពោតប្រភេទពូជ 88 នេះ លោកដាំមានរយៈពេល៣ឆ្នាំមកហើយ លើផ្ទៃដី 3.5 ហិកតា។ វាងាយស្រួលដាំ និងងាយស្រួលថែទាំ និយាយរួមឲ្យតែមានទឹកគ្រប់គ្រាន់ សំរាប់ស្រោច ដំណាំពោតមិនត្រូវការទឹកជោគជាំពេកទេ បើមានប្រភពទឹកគ្រប់គ្រាន់ ខែប្រាំងងាយស្រួលដាំដុះ ជាងខែវស្សា ត្រូវមានបច្ចេកទេសដាំខ្លះៗ និងបច្ចេកទេសថែទាំដើមមួយចំនួន នោះដំណាំពោតនិងទទួលបានទិន្នផលខ្ពស់។

លោក ហ៊ុត លី បន្ថែមថា ពោតប្រភេទពូជ 88 នេះមានរស់ជាតិផ្អែមឆ្ញាញ់ ពេញនិយមសំរាប់អ្នកទទួលទានដាំរយៈពេលខ្លីត្រឹម 66 ទៅ 70 ថ្ងៃ គឺអាចប្រមូលផលបាន ដែលក្នុងមួយឆ្នាំ អាចដាំបាន 3 ទៅ 4 ដង ដែលដាំម្តងក្នុងមួយហិកតាត្រូវចំណាយថវិកាថ្លៃភ្ជួរ និងពូជដាំ អស់ 900.000 រៀល (ប្រាំបួនសែនរៀល) ប្រមូលផលម្តងត្រូវទិញពូជម្តង ហើយពេលប្រមូលផលគឺក្នុងមួយហិកតាចាប់ពីចន្លោះចាប់ពី 10.000.000 ទៅ 11.000.000 រៀលដែលអាចលក់បានគិតជាថវិកា។

ការដាំពោតលោក បញ្ជាក់ថា មិនសូវជាលំបាកទេ ដោយក្នុងមួយរណ្តៅតូចដាក់ដាំគ្រាប់ពូជ 02 គ្រាប់ ពេលដើមពោតនៅតូច ត្រូវរងផលប៉ះពាល់ ពីសត្វកណ្តូប ចង្រិតបន្តិចបន្តួច ចំណែកដើមធំទុក 02 ផ្លែក្នុងមួយដើម និងមានការបំផ្លាញពីសត្វកណ្តុរខ្លះៗ ចំពោះដីជាង 3.5ហិកតានេះ គាត់ដាំតែបីនាក់ប្អូនគាត់តែប៉ុណ្ណោះ។ ចំណែកទីផ្សារពោតប្រភេទពូជ 88 នេះ វិញ មានតែឈ្មួញមកកក់មុនខែ ដើម្បីម៉ៅលើកជាចំការតែម្តង ទោះបីជាបច្ចុប្បន្ន សង្គមរបស់យើងកំពុងជួបវិបត្តិកូវីដ-19 ក៏ដោយ ហើយតម្លៃពោតធ្លាក់ថ្លៃបន្តិចមែន តែក៏អាចទទួលបានប្រាក់ចំណូលពីចន្លោះចាប់ពី 10.000.000ទៅ11.000.000 រៀល នេះបើយោងតាមការលើកឡើងរបស់ លោក ហ៊ុត លី៕