(ខេត្តសៀមរាប)៖ កាលពីម្សិលមិញថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០ កុម្ភៈនេះ រដ្ឋបាលខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៦នាក់។
រីឯចំណែក ករណីសះស្បើយថ្មីមាន ០៣នាក់។ សរុបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៨៣នាក់ ស្លាប់ ២នាក់ និង១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្នុងនោះផងដែររដ្ឋបាលខេត្តសៀមរាប បានប្រាប់ឲ្យពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់បានចេញ-ចូល ហាងពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។