(បន្ទាយមានជ័យ)៖ បណ្តាញសង្គមYOUTUBE ធ្វើឲ្យប្រជាកសិករមួយរូប នៅខេត្តបន្ទាយមានជ័យជោគជ័យក្នុងការដាំដំណាំលម៉ើហុចផលបានល្អ ពីមួយឆ្នាំទៅមួយឆ្នាំដើមលម៉ើអាចផ្តល់ទិន្នផលច្រើនឡើងៗ ដែលធ្វើឲ្យកសិករសប្បាយរីករាយក្នុងការប្រមូលផល។
លោក យាន មេន ប្រជាកសិករដាំដំណាំលម៉ើ រស់នៅក្នុង ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ដើមឡើយលោក ជាជាងជុលជួសទូរសព្ទដៃ ហើយក៏ពុំមានបទពិសោធន៍ក្នុងការដាំដើមលម៉ើនោះដែរ។ ប៉ុន្តែដោយសារតែលោកមើលតាមបណ្តាញប្រព័ន្ធYOUTUBE ឃើញថាដំណាំនេះ មានទីផ្សារល្អ និងទទួលបានប្រាក់ចំណូលច្រើន លោកបានសម្រេចចិត្តទិញពូជមកដាំ គឺពូជប៉ាហ៊ី (Barhi) និង KL1។ លោក បញ្ជាក់ថា បច្ចេកទេសដាំ និងការថែទាំគឺលោកបានរៀននិងអនុវត្តតាមប្រព័ន្ធ YOUTUBE និងមានសួរនាំពីអ្នកដាំជោគជ័យមុនៗខ្លះៗ ធ្វើឲ្យដំណាំលម៉ើរបស់លោកបានផ្តល់ផលល្អផងដែរ។
កសិករវ័យ36ឆ្នាំរូបនេះបានបន្តឲ្យទៀតថា លោកដាំលម៉ើនេះមានរយៈពេល4ឆ្នាំហើយ ដាំបានចំនួន 165ដើម ហើយការប្រមូលផលនោះ ទើបតែបានពីរឆ្នាំប៉ុណ្ណោះ តែឆ្នាំ2021 នេះ ដើមលម៉ើរបស់លោកកាន់តែធំ ទទួលបានទិន្នផលទ្វេដងបើធៀបនិងឆ្នាំ2020។ ដែលក្នុងមួយដើមអាចផ្តល់ផលជាផ្លែបានទំងន់ចាប់ពី50 ទៅ100គីឡូក្រាម តម្លៃក្នុងមួយគីឡូក្រាម 50,000រៀលផងដែរ។
ជាមួយគ្នានោះ លោក យាន មេន ក៏បានបញ្ជាក់ប្រាប់ផងដែរថា៖ ផ្លែលម៉ើនេះមានទីផ្សារល្អ ហើយក៏កំពុងតែមានម៉ូយកម្ម៉ង់ ខលកក់ជាបន្តបន្ទាប់ផងដែរ ទៅថ្ងៃខាងមុខលោកក៏ចង់ពង្រីកចំការរបស់លោកឲ្យធំជាងនេះដែរ បើសិនជាទីផ្សារលម៉ើនៅតែល្អ។ ក្រៅពីការលក់ផ្លែលម៉ើ លោកក៏មានការបណ្តុះកូនសម្រាប់លក់លើទីផ្សារផងដែរ ចំពោះបងប្អូនដែលចង់បានកូនលម៉ើ យកទៅដាំ អាចទំនាក់ទំនងទៅលោកផ្ទាល់ នៅទីតាំងចំការរបស់លោកតែម្តង ក្នុងនោះលោក ក៏បានការពន្យល់ណែនាំពីបច្ចេកទេសដាំ និងការថែទាំជូនអតិជនផងដែរ៕