ក្តៅៗ! អាជីវករដឹកផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជា បានចោទប្រកាន់ថា គយចល័តផ្លូវជាតិលេខ១ គាបយកលុយពីពួកគាត់គឺជាការពិត និងហ៊ានស្បថដាក់ជីវិត

139

(ខេត្តព្រៃវែង) ៖ អាជីវករអ្នកដឹកផ្លែឈើពីវៀតណាម ចូលមកខ្មែរ បានអះអាងថា គយចល័តផ្លូវជាតិលេខ១ ដែលមាន ស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ពិតជាបានគាបសង្កត់ពួកគាត់ រាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវ ហើយពួកគាត់ហ៊ានស្បថគ្រប់បែបយ៉ាង បើសិនជាពួកគាត់និយាយមិនពិត។
អាជីវករដឹកផ្លែឈើម្នាក់ឈ្មោះ ជា ឆៃនី ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្ន នៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបញ្ជាក់ថា ខ្លួនដឹកផ្លែឈើ ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើង ដោយប្រើរថយន្តវ៉េអង គយចល័តផ្លូវជាតិលេខ១ តម្រូវឲ្យបង់លុយចំនួន ៣០ម៉ឺនរៀលយ៉ាងទៀងទាត់!។

អាជីវកររូបនេះ បានបន្ថែមទៀតថា ទោះបីជារថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែនយ៉ាងណាក៏ដោយ ក៏នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន ៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។ ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលឯណោះ ក្នុងមួយជើង។

ហើយគាត់ បានលើកឡើងទៀតថា រឿងបង់លុយឲ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកគាត់ គឺគ្មានអាជីវករណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់ហួសចិត្តបំផុតនោះ ហេតុអី? នៅយប់ថ្ងៃទី០៨.០៦.២០២១ មន្ត្រីគយចាប់រថយន្ត គាត់ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល។ លុះគាត់មិនមានលទ្ធភាពបង់តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួម និងផ្លែឈើឱ្យ ស្អុយក្នុងស្នាក់ការតែម្ដង។ បណ្ដាលឱ្យគាត់ខាតទំនិញផ្លែឈើអស់ប្រាក់ប្រមាណជា៥០.០០០$។

ចំណែកក្រុមអាជីវករផ្សេងទៀត បានអះអាងថា ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយឲ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ ហើយរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ។ ពួកគាត់បានបន្តទៀតថា សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័ត ចំនួន១០ម៉ឺនរៀល រថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀល រថយន្តវ៉េអង បង់ចំនួន៣០ម៉ឺនរៀលជាកំហិត។ ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់លុយឲ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១។

ឆ្លើយតប និងការលើកឡើងខាងលើលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានថ្លែងថា រថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធ ។ ចំពោះសំនួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡានៗ លោក ផែន ភឿន បានបដិសេធថា មិនដឹងទេ។ រីឯលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ ៣០ម៉ឺនរៀល ក្នុង១ឡាន។