បុកឥតល្ហែ! ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតកំពុងឆ្លងផ្លូវបណ្ដាលអោយរបួសធ្ងន់ចំនួន៤នាក់

242

(ភ្នំពេញ)៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតដែលកំពុងតែឆ្លងផ្លូវបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងចំនួនបួននាក់ ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HU 1813បើកបរដោយបុរសម្នាក់ឆ្លងផ្លូវក្នុងទិសដៅពីរជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក់សង់ទ្រីមសេ125 ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR 7844បើកបរដោយបុរសម្នាក់និង បុរសពីរនាក់ទៀតជាអ្នករួមដំណើរ ដែលធ្វើបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូធូដេពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងខាងចំនួនបួននាក់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។