មាស៣តោននឹងផលិតបានក្នុងរយៈពេល១ឆ្នាំ ខណ:រដ្ឋាភិបាលប្រកាសទីតាំងជង្រុកមាសក្នុងខេត្តមណ្ឌលគិរី

645

(ភ្នំពេញ)៖ នេះបើយោងតាមសារលិខិតជូនជនរួមជាតិ របស់រាជរដ្ឋភិបាលកម្ពុជា លេខ១៩សលខ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ និងជាទីនឹករលឹក កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា “ ទឹកដីសុវណ្ណភូមិ – គឺជាទឹកដីដ៏វិសិដ្ឋព្រោះជា ទឹកដីពោរពេញដោយកំណប់ទ្រព្យជាច្រើនប្រភេទ។ ថ្ងៃនេះ សក្ខីភាពថ្មីបានលេចចេញជារូបរាងឡើង ហើយ។

ខ្ញុំព្រះករុណាខ្ញុំមានមោទនភាព សូមជម្រាបជូនជនរួមជាតិនូវការប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ។ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន វ៉ីនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្ដាលសម្រេចដែលមានអត្រាមាស៩០% (Gold Dec Bars)។

តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។ ក្រោយពីបានទទួលដំណឹងដ៏អាស្ចារ្យមួយនេះ មហាជន និងប្រជាពលរដ្ឋខ្មែរពាសពេញបណ្តាញហ្វេសប៊ុក បានសម្តែងការសាទរចំពោះការរកឃើញកំណប់មាសរបស់ប្រទេសកម្ពុជានេះ៕