ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យ…

270

(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនខ្វះការចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨នឹង៤០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្ដោងទូកុងតឺន័រធុនធំមួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ3A 6695បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុដោយស្ថានភាពនៅខាងមុខកំពុងតែមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឲ្យស្ទះផ្លូវ ហើយរថយន្តបានបន្ថយល្បឿនស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCXពណ៌សពាក់ស្លាកលេខភ្នពេញ 1HY 2142 ធ្វើដំណើរស្របទិសគ្នាពីមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកឯតៃកុងរថយន្តបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។