ពលរដ្ឋជាច្រើនគ្រួសារនៅសង្កាត់ភ្នៀត ចិញ្ចឹមកង្កែបបានធំធាត់ល្អ តែទីផ្សារលក់មិនចេញ

557

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាចច្រើនគ្រួសារ នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរិសោភ័ណ កំពុងត្អូញត្អែរពីបញ្ហការចិញ្ចឹមកង្កែប បានលូតលាស់ គ្មានទីផ្សារលក់មិនចេញ បានអំពាវនាវសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធជួយរកទីផ្សារខណៈដែលកង្កែបត្រូវស៊ីចំណីនិងត្រូវចំណាយប្រាក់ជាប្រចាំថ្ងៃ។ ពលរដ្ឋអ្នកចិញ្ចឹមកង្កែបរៀបរាប់ថា៖

កាលឆ្នាំមុនកង្កែបអាចលក់បានតម្លៃក្នុងមួយគីឡូក្រាម8,000ទៅ9,000រៀល ហើយមានទីផ្សារល្អ ដោយខាងជំនាញបានចុះមកស្រង់ទិន្នន័យអ្នកចិញ្ចឹមចងក្រងជាក្រុម ដើម្បីជួយរកទីផ្សារ។ ប៉ុន្តែសម្រាប់ឆ្នាំនេះតាំងពីភ្ញាស់កូន រហូតដល់ពេលកង្កែបដល់អាយុលក់ មិនឃើញមានមន្ត្រីនៃមន្ទីរជំនាញចុះមកពិនិត្យនិងសួរនាំឡើយ។
ពលរដ្ឋរៀបរាប់ថា បើចិញ្ចឹមកង្កែបហើយគ្មានទីផ្សារលក់មិនចេញយ៉ាងនេះ ពួកគាត់ពិតជាជួបការលំបាកខ្លាំងណាស់ ដោយដើមទុនដែលគាត់ចិញ្ចឹមកង្កែបនេះ គឺបានទៅខ្ចីចងការប្រាក់ ពីធនាគារ និងនាយទុន។

ម្យ៉ាងវិញទៀត កង្កែមកាន់តែធំដល់អាយុត្រូវចាប់លក់ តែលក់មិនចេញ ត្រូវចំណាយថ្លៃអាហារច្រើនជាប្រចាំថ្ងៃផងដែរ។ ចំណែកលោក ហួតសាវឺ ចៅសង្កាត់ភ្នៀតបញ្ជាក់ថា៖ ពលរដ្ឋដែលចិញ្ចឹមកង្កែបក្នុងសង្កាត់ភ្នៀត មាន 48គ្រួសារ សរុបកង្កែបប្រមាណ7តោន ដែលបញ្ហាទីផ្សារជាប់គាំងលក់ មិនចេញនេះ កន្លងទៅអាជ្ញាធរខិតខំជួយរកទីផ្សារជូនបងប្អូនកសិករដែរ នៅតែមិនមានឈ្មួញមកទិញដែលធ្វើឲ្យកសិករមានការព្រួយបារម្ភជាខ្លាំង។ ក្នុងនាមអាជ្ញាធរសង្កាត់ សូមអំពាវនាវដល់មន្ទីរជំនាញពាក់ព័ន្ធជួយរកទីផ្សារជូនកសិករនៅក្នុងសង្កាត់ភ្នៀត ដែលកំពុងជួបការលំបាកនេះផង។

ជុំវិញបញ្ហានេះលោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ទទួកបន្ទុកការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្មបានប្រាប់ថា៖ ពាក់ព័ន្ធបញ្ហាទីផ្សារកង្កែបដែលកសិករនៅក្នុងសង្កាត់ភ្នៀតជួបប្រទះនេះ ក្នុងនាមមន្ទីរនឹងខិតខំជួយរកទីផ្សារជូនពួកគាត់។ សំរាប់បងប្អូនអ្នកចិញ្ចឹមកង្កែបដែលកំពុងជួបប្រទះបញ្ហាទីផ្សារ មន្ទីរលើកទឹកចិត្តឲ្យពួកគាត់អាចមកលក់ដូរនៅផ្សារសហគមន៍របស់ខេត្ត បានដោយមិនគិតតម្លៃស្តង់នោះទេ តែត្រូវទាក់ទង់មកមន្ទីរជាមុន ក្រុមការងារនិងធ្វើសម្រួលកន្លែងលក់ដូរជូនបងប្អូន៕