ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដចំនួន ៣៦នាក់ កាលពីថ្ងៃទី១៣ មិថុនាម្សិលមិញនេះ!

247

(សៀមរាប)៖ កាលពីថ្ងៃទី១៣ ខែមិថុនា  រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប ៣៦នាក់ទៀត។ ក្នុងនោះប្រភពចម្លងពីស្រុកជីក្រែង នៅតែមានចំនួនច្រើន ក្រៅពីនោះករណីឆ្លងក្នុងក្រុមគ្រួសារពីស្រ្ដីអ្នករកស៊ីចងការ និងពលរដ្ឋមកពីប្រទេសថៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ករណីទី១ ដល់ទី១៩ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង។ រីឯករណីទី២០ ជាម្ដាយបានធ្វើដំណើរមកពីខេត្តប៉ៃលិន និងបន្តចម្លងទៅកូន។ ករណីទី២១ ករណីទី២២ ជាមន្រ្តីពន្ធនាគារ ដែលបានធ្វើដំណើរមកពីខេត្តឧត្តរមានជ័យ។ ករណីទី២៣-២៤ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។

ដោយឡែកករណីទី២៥ ដល់ទី៣៦ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។ នៅថ្ងៃដដែលនោះ ក៏មានអ្នកជំងឺជាសះស្បើយចំនួន៣នាក់ផងដែរ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។