(ភ្នំពេញ)៖ ខណៈពេលនេះប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលអង្គការសុខភាពពិភពលោក(WHO) បានជំរុញឱ្យមានអន្តរាគមន៍បន្ថែម ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមានការចូលរួមពីសហគមន៍ឱ្យបានច្រើនដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ។អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលថ្ងៃទី ១៣ ខែមិថុនាមិ្សលមិញនេះដោយបានជំរុញឱ្យមានសកម្មភាពរួមគ្នា និងការចូលរួមរបស់សហគមន៍ទាំងមូល។
សេចក្តីប្រកាសនោះបានលើកឡើងថា ៖ «សកម្មភាពរួមរបស់យើង និងការចូលរួមរបស់សហគមន៍ទាំងមូលនៅថ្ងៃនេះ កំណត់នូវអ្វីដែលនឹងកើតឡើង នៅថ្ងៃស្អែក ដែលនឹងអាចជាការកើនឡើងនូវចំនួនករណីឆ្លង និងចំនួនករណីស្លាប់ ឬក៏ជាការធ្លាក់ចុះនៃចំនួនករណីឆ្លង ការសង្គ្រោះជីវិត និងការវិលត្រឡប់ទៅរកជីវភាពធម្មតាតាមបែប គន្លងថ្មីមួយ»។

ក្នុងនោះលោកស្រីវេជ្ជបណ្ឌិត លី អែឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះថា ៖ «យើងត្រូវធ្វើអ្វីៗទាំងអស់ ដែលយើងអាចធ្វើទៅបាន ដើម្បីការពារការរីករាលដាលនៃមេរោគ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព សង្គម និងសេដ្ឋកិច្ច»។ លោកស្រីបញ្ជាក់ថា វាចាំបាច់ណាស់ ក្នុងការស្វែងរកមធ្យោបាយ ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានាការអនុវត្ត និងគោរពតាមវិធានការ សុខភាពសាធារណៈ និងសង្គម ជាពិសេសតាមរយៈការចូលរួមឱ្យបានច្រើនជាងមុនរបស់ សហគមន៍គ្រប់គ្នាជាពិសេសប្រជាពលរដ្ឋ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា ខណៈពេលដែលរដ្ឋាភិបាលបានធ្វើការ មិនខ្លាចនឿយហត់ និងទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ដើម្បីជួយសង្គ្រោះ ជីវិត និងការពារសុខភាព លទ្ធផលនៃការស្ទង់មតិរៀបចំដោយអង្គការសុខភាពពិភពលោក កាលពី ខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ ដើម្បីស្វែងយល់អំពីអាកប្បកិរិយា និងការយល់ឃើញអំពីជំងឺ កូវីដ១៩ បានរកឃើញថា សហគមន៍នៅកម្ពុជា មានភាពនឿយណាយ និងយល់ឃើញថា ស្ថានភាពមានហានិភ័យមានកម្រិតទាប។
លោកស្រីមានប្រសាសន៍ថា៖«លទ្ធផលរកឃើញទាំងនេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ។ ខ្ញុំយល់ ច្បាស់ថា ប្រជាពលរដ្ឋយើងមានការធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងវីរុសអស់រយៈពេល ១៨ខែមក ប៉ុន្តែយើងគ្មានជម្រើសផ្សេងទៀតទេ។ យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រជាពលរដ្ឋគ្រប់រូប មានតួនាទីសំខាន់ណាស់»។