(ភ្នំពេញ)៖ កាលពីម្សិលមិញរថយន្តចំនួន៤០គ្រឿងដែលបានចតចោលនៅលើចិញ្ចើមផ្លូវនិងទ្រូងផ្លូវសាធារណៈធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្កការកកស្ទះចរាចរណ៍ និងសោភណភាពរាជធានីភ្នំពេញ ត្រូវបានស្ទូចយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ខណៈការអនុវត្តសេចក្ដីជូនដំណឹងអំពីបម្រាមកំពុងបន្តតឹងរ៉ឹង។
បើលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឱ្យដឹងថ្ងៃទី ១៣ ខែមិថុនាថា ការចុះស្ទូច និងដកហូតរថយន្តយកមករក្សាទុកនេះ បន្ទាប់ពីរដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៨ មិថុនា កន្លងមកនេះ ឱ្យបញ្ឈប់ការដាក់តាំងលក់រថយន្ត និងចតរថយន្តបែបនេះ ព្រោះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងកកស្ទះចរាចរណ៍លើដងផ្លូវ។
លោក សុខ ពេញវុធ បានបន្តថា ការចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈលើរថយន្តដាក់លក់ និងរថយន្តដែលបានមកចតចោលនៅលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:បង្កការកកស្ទះចរាចរណ៍ និងសោភណភាពរាជធានីភ្នំពេញនេះ គឺសមត្ថកិច្ចបានស្ទូច និងដកហូតរថយន្តចំនួន ៤០គ្រឿង។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទៅទី ១៣ ម្សិលមិញនេះមានការធ្វើកិច្ចសន្យាហាមចត និងអប់រំណែនាំដល់ម្ចាស់ឡាន បានចំនួន ៨គ្រឿង ដែលពួកគាត់ គឺជាប្រជាពលរដ្ឋទូទៅ។ ដោយឡែកចំពោះរថយន្តដាក់តាំងលក់ គឺយើងអនុវត្តវិធានការរដ្ឋបាលរាងតឹងបន្តិច ដោយត្រូវរក្សាទុក៣ ទៅ៥ ថ្ងៃ បានប្រគល់ជូនម្ចាស់វិញ ដោយគ្រាន់តែធ្វើកិច្ចសន្យា» នេះបើតាមការលើកឡើងរបស់ លោក សុខ ពេញវុញ អភិបាលខណ្ឌដូនពេញបានប្រាប់អ្នកកាសែតកាលពីម្សិលមិញនេះ។
