យល់ដឹង! អា​ការៈឈឺ​បំពង់ក​ខ្លាំង​មិនមែន​សុទ្ធតែជា​រោគសញ្ញា ជំងឺ​កូ​វីដ​១៩ ទេ​

421

(សុខភាព)៖ អាកា​រៈ​ក្តៅខ្លួន​ខ្លាំង​លើសពី ៣៧.៥​អង្សា​សេ និង​អា​ការៈឈឺ​បំពង់ក​ខ្លាំង ជា​រោគសញ្ញា​មួ​យក​ក្នុងចំណោម​រោគសញ្ញា​ដទៃទៀត​នៃ​ជំងឺ​កូ​វីដ​១៩ ។ បុគ្គល​ដែលមាន​អា​ការៈឈឺ​បំពង់ តែងមាន​ការភ័យព្រួយ​បារ​ម្មណ៍​ពី​រោគសញ្ញា​ដែល​ខ្លួន​កំពុង​តែមាន​ក្នុង​ខ្លួន​។ តែអា​ការៈឈឺ​បំពង់ក​ខ្លាំង វា​អាច​បណ្តាលមកពី​បញ្ហា​ផ្សេងទៀត ដែល​មិនមែនជា​ជំងឺ​កូ​វីដ​១៩​ផងដែរ ។

វេជ្ជបណ្ឌិត លីម ពេជ្រដារ៉ាស៊ី

លោក​វេជ្ជបណ្ឌិត លីម ពេជ្រ​ដា​រ៉ាស៊ី ប្រធាន​គ្លី​និ​ច លីម​ពេជ្រ​ដា​រ៉ាស៊ី ត្បូងឃ្មុំ ឱ្យ​កាសែត​ដឹងថា អា​ការៈឈឺ​បំពង់ក​នេះ បណ្តាលមកពី​កត្តា​ចំនួន​ពីរ​សំខាន់ៗ ។ ទី​១ កត្តា​មេរោគ និង​ទី​២ កត្តា​ចំណីអាហារ ។ កត្តា​មេរោគ មកពី​ពួក​បាក់តេរី និង​ពួក​វីរុស និង​ចំណីអាហារ ដូចជា​ពពួក​អាហារ​ដែល​ខ្លាញ់​ខ្លាំង ពពួក​ហិ​រ និង​អាហារ​ពួក Fast Food ជាពិសេស​ទឹកកក ដែលជា​ផ្នែក​មួយ​អាចធ្វើ​អោយមាន​អា​ការៈឈឺ​បំពង់ក​ជាដើម​។

លោក​វេជ្ជបណ្ឌិត រ៉ាស៊ី បន្តថា ដើម្បី​កុំឱ្យ​មាន​បញ្ហា​ទាំងពីរ​ខាងលើនេះ ជៀសវាង​ការទទួល​ទាន អាហារ Fast Food ច្រើនពេក ការ​លាងដៃ​ឱ្យបាន​ស្អាត និង​ជ្រើសរើស​វិធី​ចំអិន​អាហារ ឱ្យបាន​ស្អាត និង​ត្រឹមត្រូវ ។​ចំពោះ​វិធី​ព្យាបាល​នៅក្នុង​ផ្ទះ គឺ​ត្រូវ​ញាំទឹក​ឱ្យបាន​ច្រើន​, ត្រូវ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​, ញុំ​ា​ទឹកក្រូច​ឆ្មារ​ទឹកឃ្មុំ​, និង​ដុស​សំអាត​ធ្មេញ​ឱ្យបាន​ទៀងទាត់ ។ លោក​វេជ្ជបណ្ឌិត បញ្ជាក់ថា បើសិនជា​យើង​ធ្វើ​វិធី​បែបនេះ​ក្នុងផ្ទះ​រយៈពេល ១​ថ្ងៃ​ឬ​២​ថ្ងៃ មិនមាន​ប្រសិទ្ធភាព​ទេ ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំពេទ្យ ដោយសារ​ការ​រលា​កបំ​ពង់​ក​ខ្លះ បណ្តាលមកពី​មេរោគ វា​មិនមែន​ដោយសារតែ​ចំណីអាហារ ។​

បើសិន​ការឈឺ​បំពង់ក នៅតែ​អូសបន្លាយ​ដល់​មួយ​សប្តាហ៍​ហើយ នៅតែ​ឈឺ យើង​ត្រូវដាក់​ការសង្ស័យ​ដោយ​ខ្លួនឯង ទៅនឹង​ជំងឺ​ប្រភេទ​ថ្មី កូ​វីដ​១៩ ពីព្រោះ​ជាទូទៅ​ការ​រលាក​បំពង់ក ស្តែងចេញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ហើយ​ការប្រើ​វិធី​ព្យាបាល​ដោយ​ថ្នាំពេទ្យ គឺ​វា​នឹង​ជាសះស្បើយ​ហើយ តែបើ​មាន​អា​ការៈឈឺ​រយៈពេល​យូរ​ជាង​មួយ​សបា្តហ៍ ត្រូវ​ទៅ​ពេទ្យ ឱ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅពិនិត្យ ទើប​ដឹង​ច្បាស់​ថា បុគ្គល​ឈឺបំពង់ក​ខ្លាំង​នោះ មាន​វិជ្ជមាន​កូ​វីដ​១៩ ឬ​មិនមាន ។