(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ១៤ ខែមិថុនាក្រោយពីលោក ខាន់ សុវណ្ណ ចេញវីដេអូថាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រីរួចមកបានជំរុញឱ្យសមាគមអ្នកចិញ្ចឹមត្រី ប្ដឹងទៅស្ថាប័នតុលាការស្វែងរកកំហុសចាត់ការទៅតាមផ្លូវច្បាប់។
ដោយឡែកថ្មីៗនេះលោក ខាន់ សុវណ្ណ ក៏បានចេញមុខមកបកស្រាយប្រាប់ឱ្យសមាគមអ្នកចិញ្ចឹមត្រីស្ដាប់នាទីអង្គព្រោកប្រាជ្ញរបស់លោកពីដើមដល់ចប់ពីគោលបំណងពិតប្រាកដរបស់លោក។ លោកថា ប្រសិនបើសមាគម យល់ឃើញថាអ្វីដែលលោកបានលើកឡើងវាប៉ះពាល់ដល់កិត្តិយសខ្មែរ សុំឱ្យទៅប្ដឹងដល់ស្ថាប័នតុលាកា ហើយប្រសិនបើតុលាការរកឃើញថាមានកំហុស លោកតំណាងឱ្យអង្គព្រោកប្រាជ្ញ នឹងធ្វើការសុំទោស ព្រមទាំងបិទនាទីរបស់លោកចោលតែម្ដង។
ក្នុងនោះសមាគមអ្នកចិញ្ចឹមត្រី ឬសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនានេះ បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោស លោក ខាន់ សុវណ្ណ អ្នកលេងហ្វេសប៊ុក ដែលបានប្រមាថមើលងាយជាតិសាសន៍ខ្មែរថាខ្មែរមិនចេះចិញ្ចឹមត្រី។ សមាគមវារីវប្បករនៅកម្ពុជា ចាត់ទុកសម្ដីបែបនេះជាការប្រមាថមើលងាយជាតិសាសន៍ខ្មែរ ជាសម្ដីរើសអើង និងគ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំងគ្មានការទទួលខុសត្រូវ ដែលជាចរិតគួរឱ្យស្អប់ខ្ពើម។
នៅលើបណ្តាញសង្គមហ្វេសប៊ុកឡាយ កាលពីថ្ងៃទី ១១ ខែមិថុនា លោក ខាន់ សុវណ្ណ បានស្រែកថាពលរដ្ឋខ្មែរ មិនចេះចិញ្ចឹមត្រី ហើយថា ប្រសិនបើគ្មានអ្នកចិញ្ចឹមត្រីក្នុងបែនៅក្នុងទន្លេទេ ខ្មែរនឹងគ្មានអ្វីបរិភោគ។
ក្រោយមកសមាគមវារីវប្បករនៅកម្ពុជា បានចេញមុខថ្កោលទោសភាសារ និងពាក្យសម្ដីប្រមាថ របស់លោក ខាន់សុវណ្ណ បែបនេះដែលជាការប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ និង អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការសម្ដីអគតិ និងចរឹកគួរឱ្យស្អប់ខ្ពើម ហើយបុគ្គរូបនេះ ត្រូវតែចេញមុខបំភ្លឺ និងសុំទោសជាសាធារណៈ ដោយមិនលើកលែងឡើយ។
បើតាមសមាគមវារីវប្បករនៅកម្ពុជា បច្ចុប្បន្នមានបងប្អូន សមាគមវារីវប្បករដែលជាជនជាតិខ្មែររាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងប្រកបមុខរបរក្នុងវិស័យសមាគមវារីវប្បកម្ម ប្រកបដោយបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពខ្ពស់ ផលិតបានជលផលច្រើនប្រភេទ ប្រកបដោយគុណភាពល្អ ហើយផលិតបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀងទាត់។