ស្ត្រីដែលបានចាក់វ៉ាក់សាំងរួច ហើយបំបៅកូនដោយទឹកដោះ គឺអាចផ្តល់ការការពារជំងឺកូវីដ-១៩ ទៅឲ្យកូនបាន

317

យល់ដឹង៖ ការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាមេរិក (JAMA) បានរកឃើញថា វ៉ាក់សាំងកូវីដ ជំរុញឲ្យមានអង់ទីគ័ររឹងមាំនៅក្នុងទឹកដោះម្តាយរហូតដល់៦សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំង។ វេជ្ជបណ្ឌិត Danelle Fisher គ្រូពេទ្យកុមារនិងជាប្រធានផ្នែកគ្រូពេទ្យកុមារនៅមណ្ឌលសុខភាព Providence Saint John ក្នុងទីក្រុង Santa Monica នៃរដ្ឋកាលីហ្វ័រញ៉ាបានរកឃើញថា វាជារឿងមិនគួរឲ្យជឿដែលថា អង់ទីគ័រត្រូវបានរកឃើញនៅក្នុងទារកបន្ទាប់ពីកើតបានប៉ុន្មានសប្តាហ៍។

ការសិក្សានេះ បានធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលចន្លោះថ្ងៃទី២៣ខែធ្នូ ដល់ថ្ងៃទី១៥ខែមករា។ ទោះបីជាស្ត្រីបំបៅកូនដោយទឹកដោះមិនត្រូវបានរាប់បញ្ចូលនៅក្នុងការសាកល្បងវ៉ាក់សាំងក៏ដោយ ក៏ប៉ុន្តែពួកគេត្រូវបានលើកទឹកចិត្តឲ្យចាក់វ៉ាក់សាំង។

ក្រុមអ្នកស្រាវជ្រាវចង់ដឹងថាតើអង់ទីគ័រ SARS-CoV-2 បានចូលទៅក្នុងទឹកដោះម្តាយដែរឬអត់។ ការសិក្សារបស់ពួកគេមានការចូលរួមពីស្ត្រីចំនួន៨៤នាក់ ដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ក្នុងរយៈពេល២១ថ្ងៃដាច់ពីគ្នា។

ពួកគេបានប្រមូលសំណាកទឹកដោះម្តាយមុនពេលចាក់វ៉ាក់សាំងដំបូង។ ពួកគេចាប់ផ្តើមយកសំណាកម្តងក្នុងមួយសប្តាហ៍ រយៈពេល៦សប្តាហ៍។ ២សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំងលើកដំបូង មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងកម្រិតនៃអង់ទីគ័រប្រឆាំងវីរុស SARS-CoV-2។ មានការកើនឡើងអង់ទីគ័រកម្រិតមួយទៀត បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី២។ ក្រុមអ្នកស្រាវជ្រាវក៏បានស៊ើបអង្កេតលើព្រឹត្តិការណ៍មិនល្អ ក្នុងចំណោមស្ត្រីនិងកូនៗរបស់ពួកគេផងដែរ។

ស្ត្រីខ្លះមានផលប៉ះពាល់ពីវ៉ាក់សាំង ហើយទារកបួននាក់មានអាការគ្រុនក្តៅ ក្អកនិងកកឈាមបន្ទាប់ពីម្តាយរបស់ពួកគេ ចាក់វ៉ាក់សាំង។ ករណីចំនួនបីក្នុងនោះ ត្រូវបានដោះស្រាយដោយគ្មានការព្យាបាល។ ទារកម្នាក់ត្រូវបានព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានស្ត្រីឬទារកណាម្នាក់ជួបប្រទះនូវព្រឹត្តិការណ៍ធ្ងន់ធ្ងរក្នុងអំឡុងសិក្សានោះទេ៕