(ខេត្តព្រៃវែង)៖ កាលពីម្សិលមិញថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីរកឃើញថ្មីខាងលើ មាននៅក្នុងមូលដ្ឋានស្រុកចំនួន៧៖ ១. ស្រុកស្វាយអន្ទរ ចំនួន ១០នាក់, ២. ស្រុកស៊ីធរកណ្ដាល ចំនួន ៦នាក់, ៣. ស្រុកមេសាង ចំនួន ៥នាក់, ៤. ស្រុកពារាំង ចំនួន ៥នាក់, ៥. ស្រុកបាភ្នំ ចំនួន ៣នាក់, ៦. ស្រុកព្រះសេ្តច ចំនួន ៣នាក់ និង៧. ស្រុកកញ្ជ្រៀច ចំនួន ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក។ ដោយឡែក ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវឲ្យខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕