ភ្នំពេញ​ ៖នៅថ្ងៃទី១១ ខែកម្ភៈខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យភ្នាក់ងារ Cam Asia ដឹងថា ផ្លូវជាតិលេខ២ មានប្រវែងសរុបចំនួន ៦២.៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់ មូលក្រុងដូនកែវ ខេត្តតាកែវ និង ផ្លូវជាតិលេខ២២ មានប្រវែង ៩.៦១គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ៣ និងបើកការដ្ឋានជួសជុល និងស្តារឱ្យប្រសើរឡើង វិញនូវផ្លូវទាំងពីរខ្សែនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា។

គម្រោងសាងសង់ជួសជុលធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd គឺជាគម្រោងក្រោមឥណទានសម្បទានពីធនាគារ នីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់សរុប ៥៦,១០០,០០០ដុល្លារសហរដ្ឋអាមេរិក។

ដោយធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង ការស្ថាបនាគ្រោងនឹងប្រើរយៈពេល ៣០ខែ ដោយឆ្លងកាត់ ៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដែលមានប្រវែងផ្លូវសរុប ៧២.១៧ គីឡូម៉ែត្រ ។