(ភ្នំពេញ)៖ ឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៣០នាក់ទៅព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក បន្ទាប់ពីសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន២កន្លែង នៅលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៤ ខែមិថុនានេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានសហការគ្នាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន ២កន្លែង ដោយសារម្ចាស់អាជីវកម្មបានលួចលាក់បើកកន្លែងផឹកស៊ីច្រៀងខារ៉ាអូខេនៅទីនោះ។ លោកបន្តថា អំឡុងពេលចុះបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣២នាក់ និងធ្វើតេស្តរកឃើញមនុស្ស ២នាក់ វិជ្ជមានកូវីដ-១៩ និង៣០នាក់ទៀត ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ។ លោកបន្តថា ក្រោយពីចប់ការធ្វើចត្តាឡីស័ក សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមច្បាប់។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរមិនបានទប់ស្កាត់ទាន់ពេលវេលានោះទេ នឹងធ្វើឱ្យបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្តអូសបន្លាយកាន់តែយូរអង្វែង ហើយធ្វើឱ្យជីវភាពរបស់ពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិទាំងមូលកាន់តែប្រឈមការលំបាក ព្រោះតែជំងឺកាចសាហាវនេះ។
យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញទៅអាជ្ញាធរធ្វើការស្រាវជា្រវឱ្យបានគ្រប់ជ្រុងជ្រោយចំពោះរឿងនេះ មុននឹងបញ្ជូនពួកគេទៅតុលាការ ដើម្បីចាត់វិធានការច្បាប់។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ធ្លាប់ប្រាប់សារព័ត៌មានថា គិតចាប់តាំងពីរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ដាក់ចេញនូវបម្រាមគោចរនិងវិធានការរដ្ឋបាលមកដល់ថ្ងៃទី៣ ខែមិថុនា មានពលរដ្ឋចំនួន១ ៤៧៨នាក់ ត្រូវបានអាជ្ញាធរធ្វើការអប់រំណែនាំ និង ៣៩០នាក់ រងការផាកពិន័យអន្តរការណ៍។ តែយ៉ាងណា លោកថា ពលរដ្ឋទាំងនោះត្រូវបានអាជ្ញាធរដោះលែងឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីពួកគេអនុវត្ត និងបង់ប្រាក់ផាកពិន័យចូលរដ្ឋរួចហើយនោះ។
លោកបន្តថា ក្រៅពីនោះ មនុស្ស១៤នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីល្មើសបម្រាមគោចរ ឬវិធានការរដ្ឋបាលនេះ ដោយក្នុងនោះមាន ១១នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន និង ៣នាក់ទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ៕