ភ្នែកពិតជាសំខាន់! ចង់ឲ្យភ្នែកមានសុខភាពល្អ កុំភ្លេចអនុវត្តបែបនេះ!

198

ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​រឹង​មាំ និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ តែ​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ខ្សោយ​គំហើញ​នៅ​វ័យ​៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ​។

ដូចគ្នា​ដែរ ការ​ហាត់​ប្រាណ​ក៏​ជួយ​ឲ្យ​មនុស្ស​យើង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ជំងឺ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា​ដែរ​។​

១. ហាត់​ប្រាណ​ជួយ​ដល់​សុខភាព​សរសៃឈាម​ក្នុង​ភ្នែក​

ការ​សិក្សា​​មួយ​ធ្វើ​ឡើង​លើ​សត្វ​កណ្ដុរ ដោយ​កណ្ដុរ​មួយ​ក្រុម​ត្រូវ​អ្នក​ស្រាវ​ជ្រាវ​ដាក់​​នៅ​លើ​ម៉ាស៊ីន​រត់ និង​មួយ​ក្រុម​ទៀត​ឲ្យ​នៅ​ស្ងៀម​ធម្មតា​។ បួន​សប្ដាហ៍​ក្រោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ភ្នែក​របស់​កណ្ដុរ​ទាំង​ពីរ​ក្រុម​។ ក្រោយ​ការ​ពិនិត្យ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​កណ្ដុរ​ដែល​បាន​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​ជា​ប្រចាំ មាន​ការ​ខូច​ខាត​ភ្នែក​ដល់ទៅ​៤៥​ភាគ​រយ​ទាប​ជាង​​កណ្ដុរ​ដែល​មិន​ធ្វើ​សកម្មភាព​រាង​កាយ​។

ការ​សិក្សា​បាន​លើក​ឡើ​ង​ការ​ការ​ហាត់​ប្រាណ​បាន​ជួយ​ដល់​ភាព​ធន់​របស់​ភ្នែក​។ ការ​ហាត់​ប្រាណ​អាច​ប្រឆាំង​នឹង​ការ​លូត​លាស់​ខុស​ធម្មតា​របស់​សរសៃឈាម​ ដែល​កើត​ឡើង​ក្នុង​ភ្នែក​ដូច​ជាខូចសរសៃឈាមក្នងបាតភ្នែក ខូចបាតភ្នែក ​ខូចសរសៃឈាមបាតភ្នែកដោយសារទឹកនោមផ្អែមនិង​ជំងឺ​ទឹក​ដក់​​បាត​ភ្នែក​។

២. ហាត់​ប្រាណ​ជួយ​សុខភាព​ភ្នែក​

អ្នក​វិទ្យាសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៀត ថា​ហេតុ​អ្វី​បានជា​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ការ​ពារ​ភ្នែក​របស់​មនុស្ស​យើង​បាន​។ របក​គំហើញ​ថ្មីៗ​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​ព្យា​បាល​ភ្នែក​​ជា​ច្រើន​ផ្សេង​ទៀត​។
ប៉ុន្តែ​ពេល​នេះ អ្វី​ដែល​អ្នក​វិទ្យាសាស្រ្ដ​បាន​ដឹង​ច្បាស់​គឺ​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​បញ្ហា​ភ្នែក​។ បើ​សិន​ជា​យើង​កំពុង​មាន​បញ្ហា​ភ្នែក ការ​ហាត់​ប្រាណ​នឹង​ជួយ​ឲ្យ​ស្ថាន​ភាព​ជំងឺ​ប្រសើរ​ឡើង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្ន​ក​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​​មានការ​វិវត្ត​​កើត​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​២៥​ភាគ​រយ​តិច​ជាង​អ្នក​មិន​ហាត់​ប្រាណ​។

ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​ជួយ​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​កូលេស្តេរ៉ូល​ខ្ពស់​។ ជំងឺ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ភ្នែក ឬ​គំហើញ​របស់​យើង​មាន​បញ្ហា​។ ដូច​នេះ ការ​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​នឹង​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ដោយ​សារ​បញ្ហា​សុខភាព​ទាំង​នេះ​។

៣. គួរ​ហាត់​ប្រាណ​កម្រិត​ណា?

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ និង​បាន​ណែនាំ​ថា​មនុស្ស​​យើង​ហាត់​ប្រាណ​កម្រិត​មធ្យម​មាន​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​។ អង្គការ​សុខភាព​ពិភព​លោក និង​CDC អាមេរិក​បាន​ណែ​ឲ្យ​យើង​ហាត់​ប្រាណ​ដូច​ជា​ដើរ ជិះកង់ ហែលទឹក រាំ ឬ​រត់​ត្រឹកៗ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​នឹង​ជួយ​ឲ្យ​សុខភាព​រាង​កាយ និង​ភ្នែក​យើង​មាន​សុខភាព​ល្អ​។