(បន្ទាយមានជ័យ)៖ ឃាត់ខ្លួនពលករខ្មែរ16នាក់ ក្នុងនោះស្រី10នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ ត្រូវបានកម្លាំងវរសេនាតូចលេខ 511 កងពលតូចថ្មើរជើងលេខ51ឃាត់ខ្លួនបាននៅវេលាម៉ោង 01.15នាទីយប់ ថ្ងៃទី20 ខែមិថុនា ឆ្នាំ2021នេះ ត្រង់ចំនុចភូមិសាស្ត្រ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចយោធាបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ51 និងដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ511 បានដឹកនាំកម្លាំងល្បាត សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ815 ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ខ្លាចឆ្លងរាលដាល នៃជំងឺកូវីដ-19 មិនឲ្យចូលទៅក្នុងសហគមន៍។ ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ឃាត់ខ្លួនបានតែម្តង ។
ក្រោយពីឃាត់ខ្លួនពលករប្រុស.ស្រីទាំងនោះ កងកម្លាំងបានអប់រំណែនាំពួកគាត់ កុំឲ្យមានការចេញបោលមេខ្យល់ ខាតលុយកក់ ព្រោះកម្លាំងសមត្ថកិច្ចទាំងភាគីកម្ពុជា និងភាគីថៃ ទទួលបទបញ្ជារបស់ខ្លួន រឹតបន្តឹងបទល្មើសនាំមនុស្សឆ្លងដែន ព្រោះថាប្រទេសកំពុងតែជួបវិបត្តិកូវីដ-19 ហើយឥលូវនេះ មានមេរោគបម្លែងថ្មីកាចសាហាវជាងមុនទៀតផងដែរ។
ពលករប្រុស.ស្រីទាំង16នាក់ ត្រូវបានបញ្ជូនទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យម៉ាឡៃបន្ត ចំណែកមេខ្យល់ និងសមត្ថកិច្ចកំពុងស្រាវជ្រាវរកមេខ្យល់ រួមទាំងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕