ក្ដៅៗអ្នកសារព័ត៌មាន៦នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស គំរាមកំហែងទារប្រាក់ពីអ្នកលក់កាហ្វេ មួយកន្លែង នៅស្រុកមុខកំពូល

503

(កណ្តាល)៖ អ្នកសារព័ត៌មាន៥នាក់ ជ្រកក្រោមផ្លាកសារព័ត៌មាន BATI TV NEWS និង អ្នករត់ម៉ូតូឌុបម្នាក់ សរុបទាំងអស់៦នាក់ ដែលចូលរួមសកម្មភាពជាមួយគ្នា ត្រូវបាននគរបាលស្រុកមុខកំពូល ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស គំរាមកំហែងទារប្រាក់ ពីអ្នកលក់កាហ្វេ មួយកន្លែង ដោយចោទប្រកាន់ ថា ម្ចាស់ហាងកាហ្វេ បានបើកល្បែងស៊ីសងខុសច្បាប់ តែការពិតមិនមានបើកនោះទេ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ យោងតាមសេចក្ដីបញ្ជាក់ពី សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៦នាក់ រួមមាន៖
១.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS ២.ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន.
៣.ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន.
៤.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន.
៥.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន.
៦.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប

ពាក់ព័ន្ធនឹងករណីខសងលើនេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថានៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ ថា ក្រុមជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើស គំរាមកំហែងទារប្រាក់ ពីអ្នកលក់កាហ្វេមួយកន្លែង ដែលក្រុមអ្នកសារព័ត៌មាន ចោទប្រកាន់ ម្ចាស់ហាងកាហ្វេ ថា បានបើកល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែ តាមការបញ្ជាក់ គឺ ម្ចាស់ហាងកាហ្វេមិនមានការបើកល្បែងស៊ីសង នោះទេ លោក ឡាក់ ម៉េងធី បានបន្តទៀតថាទាក់ទងនឹងសំណុំរឿងនេះ សមត្ថកិច្ចកំពុងតែតាមដាននឹងចាត់ការបន្តតាមនីតិវិធី នេះជាព័ត៌មានបឋម ព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំនឹងជម្រាបជូនពេលក្រោយ។ ចុចលើនេះ