ឥណ្ឌូណេស៊ី និងកាណាដា បើកកិច្ចពិភាក្សាកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគី

315

កាលពីថ្ងៃទី ២១ ខែមិថុនា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Muhammad Lutfi និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្នាតតូច ជំរុញការនាំចេញ និងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកាណាដា លោកស្រី Mary Ng បានចាប់ផ្តើមកិច្ចចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងឥណ្ឌូណេស៊ី – កាណាដា (ICA-CEPA) ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Lutfi បាននិយាយថា ប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចចរចាដោយការយល់ឃើញ និងសង្ឃឹមថា ICA – CEPA អាចផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗគ្នានៃឱកាសពាណិជ្ជកម្ម និងការវិនិយោគសម្រាប់អ្នកធ្វើជំនួញមកពីប្រទេសទាំងពីរទាំងមូល។

ដោយរៀបរាប់អំពីការចាប់ផ្តើមនៃកិច្ចពិភាក្សា ICA-CEPA ដែលជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងរវាងឥណ្ឌូណេស៊ី – កាណាដាក្នុងរយៈ​ពេល ៦៩ឆ្នាំមកនេះ លោករដ្ឋមន្ត្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានអនុវត្តជាយុទ្ធសាស្ត្រមួយក្នុងការពង្រឹងទំនាក់ទំនង​កិច្ចសហប្រតិបត្តិការបរទេសរវាងឥណ្ឌូណេស៊ី និងកាណាដា ដែលជាដៃគូស្មើភាពគ្នាសំខាន់ និងជាយុទ្ធសាស្ត្រ ជាពិសេស ស្របពេល​ដែលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយពិភពលោកដែលមានភាពស្វាហាប់។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រដើម្បីបើកឱកាសសម្រាប់ការជ្រៀតចូលកាន់តែច្រើននៃផលិតផលឥណ្ឌូណេស៊ី​នៅតំបន់អាមេរិកខាងជើង ដោយបច្ចុប្បន្ន ឥណ្ឌូណេស៊ីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មតែមួយប៉ុណ្ណោះនៅតំបន់អាម៉េរិក ពោលគឺជាមួយ​ប្រទេសឈីលីនៅអាមេរិកខាងត្បូង។

ទន្ទឹមនឹងនេះដែរ អគ្គនាយកនៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិ លោក Djatmiko Bris Witjaksono បានបង្ហើបឱ្យដឹងថា រដ្ឋមន្រ្តីទាំងពីរបានផ្តល់ការណែនាំដល់ក្រុមចរចាទាំងពីរដើម្បីរៀបចំបញ្ហាបច្ចេកទេសជាបន្ទាន់មុនពេលចាប់ផ្តើមកិច្ចចរចា។ ជុំទីមួយនៃកិច្ចពិភាក្សាត្រូវបានគ្រោងធ្វើឡើងនៅមុនដំណាច់ឆ្នាំ ២០២១ នេះ។

ពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងកាណាដា សម្រេចបាន ២,៤ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២០ ដោយក្នុងនោះការនាំចេញរបស់​ឥណ្ឌូណេស៊ី​ទៅកាន់កាណាដាមានចំនួន ៧៨៩,១លានដុល្លារអាម៉េរិក ហើយការនាំចូលមានចំនួន ១,៦ប៊ីលានដុល្លារអាម៉េរិក។

ការវិនិយោគរបស់កាណាដានៅឥណ្ឌូណេស៊ីមានចំនួនសរុប ៧១៨លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលភាគច្រើននៅក្នុងវិស័យរ៉ែ បដិសណ្ឋារកិច្ច និងភ័ស្តុភារ៕

ប្រភព៖ក្រសួងព័ត៌មាន