ជំងឺកូវីដ-១៩៖ ប្រទេសឡាវមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍

308

កាលពីថ្ងៃទី ២១ ខែមិថុនា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ តែ ១នាក់គត់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលជាករណីនាំចូល ដោយអ្នកជំងឺម្នាក់នោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅពេលគេមកដល់ប្រទេសនេះ។

នេះជាថ្ងៃទី ២ ហើយដែលប្រទេសឡាវមិនមានការឆ្លងថ្មីនៅក្នុងសហគមន៍ចាប់តាំងពីមានរលកទី ២ នៃការផ្ទុះឡើងជំងឺកូវីដ-១៩ ដែលបានវាយប្រហារប្រទេសនេះកាលពីពាក់កណ្តាលខែមេសា។

ប្រទេសនេះកំពុងអនុវត្តវិធានការណ៍ដើម្បីបង្កើនល្បឿនកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះ ប្រជាជនជាង ១លាននាក់នៅក្នុងប្រទេសឡាវបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ដូសទីមួយ ដោយក្នុងនោះមានប្រជាជន ២៦០ ០០០នាក់ជាអ្នករស់នៅក្នុងទីក្រុងវៀងចន្ទន៍។

អាជ្ញាធរឡាវបានរំពឹងថា ប្រជាជនចំនួន ៨០ភាគរយនៅក្នុងទីក្រុងនេះនឹងត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងឆ្នាំនេះ ដែលវានឹងកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេស។

រហូតមកដល់ពេលនេះ ប្រទេសឡាវបានបញ្ជាក់ថាមានករណីជំងឺកូវីដ-១៩ ចំនួន ២ ០៥៤នាក់ ដោយក្នុងនោះមាន ១ ៩៤៨នាក់ត្រូវបានព្យាបាលជាសះស្បើយ និងមានអ្នកស្លាប់ ៣នាក់៕

ប្រភព៖ក្រសួងព័ត៌មាន