ជំងឺកូវីដ-១៩៖ ប្រទេសឥណ្ឌូណេស៊ីរឹតបន្តឹងវិធានការណ៍រឹតត្បិតការធ្វើដំណើរ

263

កាលពីថ្ងៃទី ២១ ខែមិថុនា ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ប្រទេសនេះនឹងរឹតបន្តឹងវិធានការណ៍រឹតត្បិតការធ្វើដំណើរនៅក្នុងតំបន់​មួយចំនួន​ក្នុងរយៈពេលពីរសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ២២ ខែមិថុនានេះទៅ ក្នុងគោលបំណងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា វិធានការណ៍នេះ រួមមានការកាត់បន្ថយចំនួនមនុស្សដែលធ្វើការនៅក្នុងការិយាល័យ និងហាមឃាត់សកម្មភាពសាសនានៅក្នុងកន្លែងគោរពបូជា។ លោកបាននិយាយបន្ថែមថា វិធានការណ៍នេះនឹងអនុវត្តចំពោះ «តំបន់ក្រហម» ដែលការឆ្លងបានកើនឡើងយ៉ាងឆាប់រហ័ស។

ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថា មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣ ៧៣៧នាក់កាលពីថ្ងៃទី ២០ ខែមិថុនា ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣០ ខែមករាមក ជាមួយនឹងចំនួននៃការស្លាប់ដោយសារជំងឺក៏មានការកើនឡើងផងដែរ។ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៩៩លាននាក់ និងមានអ្នកស្លាប់ជាង ៥៤ ៦០០នាក់៕

ប្រភព៖ក្រសួងព័ត៌មាន