ប្រធានាធិបតីអ៊ីរ៉ង់ដែលទើបជាប់ឆ្នោតថ្មី លោក អេប្រាហ៊ីម រ៉ៃស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងរបស់លោកថា ក្រោមរដ្ឋាភិបាលរបស់លោក ទីក្រុងតេអេរ៉ង់នឹងបន្តចូលរួមកិច្ចពិភាក្សានានាទាក់ទងនឹងការស្តារឡើងវិញនូវផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់) ប៉ុន្តែលោកបាននិយាយបន្ថែមថា ការទូតរបស់ប្រទេសនេះនឹងមិនត្រូវបានកំណត់ចំពោះកិច្ចពិភាក្សាទាំងនោះឡើយ។
លោក រ៉ៃស៊ី បាននិយាយថា «គោលនយោបាយការបរទេសរបស់យើងនឹងមិនត្រូវបានកំណត់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ។ យើងនឹងមានអន្តរកម្មជាមួយពិភពលោក។ យើងនឹងមិនចងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ»។
លោក រ៉ៃស៊ី បាននិយាយបន្ថែមថា ទីក្រុងតេអេរ៉ង់មិនមានគម្រោងធ្វើកិច្ចចរចានុយក្លេអ៊ែរដោយគ្រាន់តែសម្រាប់ជាប្រយោជន៍នៃកិច្ចចរចានោះទេ ដោយលោកបានសង្កត់ធ្ងន់ថា លទ្ធផលត្រូវតែឆ្លើយតបទៅនឹងផលប្រយោជន៍អធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់។ លោកបានកត់សម្គាល់ថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់មិនអាចជាផ្នែកមួយនៃកិច្ចចរចាទាំងនេះទេ បើទោះបីជាកន្លងមកសហរដ្ឋអាមេរិកបានលើកឡើងថា ការដាក់កម្រិតទៅលើកម្មវិធីមីស៊ីលអ៊ីរ៉ង់អាចក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាថ្មីក៏ដោយ។
ប្រធានាធិបតីថ្មីរូបនេះបាននិយាយថា «យើងមិនមានចេតនាធ្វើការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ ប្រសិនបើវាមិនធានានូវផលប្រយោជន៍របស់ប្រទេសយើង»។
ប្រធានាធិបតីថ្មីរូបនេះបានបន្តស្តីបន្ទោសចំពោះសេចក្តីសម្រេចមួយកាលពីឆ្នាំ ២០១៨ របស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភបំពានទៅលើវាដោយសារការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់។ លោកបានកត់សំគាល់ថា ការស្នើសុំច្បាប់នេះនឹងត្រូវបញ្ចប់ជាស្ថាពរ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនធ្លាប់បានលើកឡើងថា វិធានការណ៍មួយចំនួនអាចនឹងនៅដដែល បើទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានចរចាឡើងវិញក៏ដោយ។ ទោះជាយ៉ាងណា លោក រ៉ៃស៊ី បាននិយាយថា លោកមិនទាន់មានផែនការជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីពិភាក្សាអំពីបញ្ហានេះនៅឡើយទេ៕
ប្រភព៖ក្រសួងព័ត៌មាន